Connect with us

ព័ត៌មាន

យុវជនគាំទ្រការបញ្ឈប់ការប្តូររង្វាន់ពីក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជប៉ូវកម្លាំង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា ចាប់ពីពេលនេះតទៅ គ្រប់ស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំងទាំងអស់ នឹងមិនអនុញ្ញាតឱ្យមានការដាក់រង្វាន់ទៀតនោះទេ ព្រមទាំងបានណែនាំឱ្យកាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង នៅតាមប៉ាណូធំៗតាមដងផ្លូវសាធារណៈ។ យុវជនបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការរបស់រាជរដ្ឋាភិបាលដ៏សំខាន់ក្នុងការការពារ និងលើកកម្ពស់សុខភាពសាធារណៈ។

ក្នុងឱកាសអញ្ជើញជាអធិបតីខួប៨០ឆ្នាំ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងប្រគល់ ​សញ្ញាបត្រជូននិស្សិតជ័យលាភី កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន បញ្ជាក់ថា រាជរដ្ឋាភិបាលឲ្យបញ្ចប់ទាំងស្រុងចំពោះការផលិតស្រាបៀគ្រប់ប្រភេទ និងភេសជ្ជប៉ូវកម្លាំង ដាក់រង្វាន់ក្នុងក្រវិលកំប៉ុង ប៉ុន្តែសម្តេចលើកទឹកចិត្តឲ្យដាក់រង្វាន់ចំពោះទឹកសុទ្ធ។

សម្តេចធិបតី បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ គឺបញ្ចប់ទាំងស្រុងនូវការគាស់ក្រវិលត្រូវរង្វាន់ពីគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង។ មិនមែនហាមមិនឱ្យផលិត និងផឹកទេ តែត្រូវផឹកមានកម្រិត មានការទទួលសុខត្រូវ ពិសេសផឹកហើយកុំបើកបរ។ សម្ដេចធិបតី ក៏បានណែនាំឱ្យមានវិធានការបង្ការសុខភាពសាធារណៈ ជាពិសេស នៅតាមសាលារៀន គឺវិធានការគ្រប់គ្រងតាមសាលារៀន ដែលក្រសួងអប់រំ បានចេញសេចក្ដីណែនាំពាក់ព័ន្ធនឹងចំណីអាហារ ដែលប៉ះពាល់សុខភាពកុមារ។

ក្រុមយុវជន បានបង្ហាញការគាំទ្រចំពោះការបញ្ឈប់ការប្តូររង្វាន់តាមក្រវិលកំប៉ុង និងភេសជ្ជប៉ូវកម្លាំង ព្រោះពួកគេមើលឃើញថា ការប្រើប្រាស់គ្រឿងស្រវឹង ជាពិសេសក្នុងចំណោមយុវជន អាចបង្កផលប៉ះពាល់ជាច្រើនដល់សុខភាព និងសុខុមាលភាពសាធារណៈ។ វិធានការនេះ គឺជាផ្នែកមួយដែលអាចចូលរួមកាត់បន្ថយការលើកទឹកចិត្តឱ្យប្រើប្រាស់គ្រឿងស្រវឹង និងជួយការពារសុខភាពប្រជាពលរដ្ឋ។

ក្រុមយុវជន មានប្រសាសន៍ថា នេះគឺបង្ហាញថា ប្រមុខរាជរដ្ឋាភិបាល​មានការគិតគូរយ៉ាងខ្លាំងចំពោះកត្តាធនធានមនុស្ស ព្រោះយុវជនទាំងអស់គឺជារសសរគ្រឹះ សសរទ្រូងរបស់ជាតិ ដើម្បីចូលរួមអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ហើយយុវជនទាំងអស់ គួរត្រូវទទួលបានការលើកទឹកចិត្ត និងការការពារ កុំឱ្យប៉ះពាល់ពីគ្រឿងស្រវឹងនិងភេសជ្ជម៉ូវកម្លាំង។

សូមបញ្ជាក់ថា នាពេលកន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ចេញសេចក្តីណែនាំ បីចំណុចសំខាន់ៗ រួមមាន៖ ទី១ គឺការបញ្ឈប់ការដាក់រង្វាន់គ្រប់ប្រភេទតាមសំបកកំប៉ុង មិនថាជាការប្តូររង្វាន់ដោយផ្ទាល់ ឬការស្កែនតាមប្រព័ន្ធឌីជីថល ដើម្បីទទួលរង្វាន់នោះទេ គឺត្រូវបញ្ឈប់ទាំងអស់។ ទី២ ក្រសួងបានណែនាំឱ្យអាជីវករ និងក្រុមហ៊ុនផ្តល់ជំនួសមកវិញនូវអត្ថប្រយោជន៍ផ្សេងៗដែលមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ ដូចជា កែវទឹក ដបទឹក ឆ័ត្រ ឬសម្ភារប្រើប្រាស់ផ្សេងៗ ដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ជាក់ស្តែង។ និងទី៣ គឺការកំណត់តម្លៃ និងការបញ្ចុះតម្លៃ ដោយធានាឱ្យអ្នកប្រើប្រាស់ទទួលបានលក្ខខណ្ឌស្មើៗគ្នា ហើយផ្តល់ឱកាសស្មើគ្នាដល់អាជីវករ និងអ្នកប្រកបអាជីវកម្មក្នុងការប្រកួតប្រជែងក្នុងទីផ្សារ។​វិធានការនេះ ចាប់អនុវត្តន៍ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះតទៅ!៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia