Connect with us

ព័ត៌មាន

ពុទ្ធបរិស័ទនាំគ្នាធ្វើបុណ្យកាន់បិណ្ឌ ខណៈភ្ញៀវបរទសក៏ចាប់អារម្មណ៍ចូលរួមផងដែរ

នៅថ្ងៃទី៨ ខែតុលា ត្រូវបានថ្ងៃ១២រោច ខែភទ្របទ ព.ស២៥៧០ តាមវត្តអារាមគឺមានពុទ្ធបរិស័ទច្រើនកុះករ ក្នុងនោះក៏មាន ភ្ញៀវបរទេស ដែលមានគ្រួសារជាជនជាតិខ្មែរ និងស្នាក់នៅបម្រើការងារផ្សេងៗ នៅក្នុងកម្ពុជាច្រើនហូរហែរដែរ បាននាំគ្នាអញ្ជើញធ្វើបុណ្យកាន់បិណ្ឌ ដោយមានការរៀបចំអាហារចង្ហាន់ គ្រឿងទេយ្យទាន និងថវិកាសាងសងមួយចំនួន ប្រគេនថ្វាយព្រះសង្ឃ ទៅតាមទំនៀមទំលាប់ ប្រពៃណីខ្មែរ តតាំងពីបុរាណកាលមក។

ភ្ញៀវបរទេសនានា បានថ្លែងប្រាប់BTV ថា មកដល់ថ្ងៃនេះ គឺគេបានអញ្ជើញធ្វើបុណ្យកាន់បិណ្ឌបានចំនួនច្រើនវត្ត ដោយមានការរៀបចំអាហារចង្ហាន់ និងគ្រឿងទេយ្យទាន យកមកវេរប្រគេនព្រះសង្ឃ ធ្វើពិធីសូត្រមន្ត រាបបាត្រ បំណងទទួលបទពិសោធន៍ ការធ្វើបុណ្យ ដែលជាទំនៀមទំលាប ប្រពៃណីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា កន្លងមកក្រសួងទេសចរណ៍ និងក្រសួងធម្មការ និងសាសនា បានចុះហត្ថលេខាលើខ្លឹមសារអនុសារណៈធ្វើកិច្ចការរួមគ្នារៀបចំឲ្យវត្តអារាមដែលមានអាយុកាលយូរឆ្នាំ ក្លាយជាវត្តគោលដៅទេសចរណ៍ គោលបំណងទាក់ទាញអ្នកទេសចរ ឲ្យស្នាក់នៅរយៈពេលយូរ ពិសេសឲ្យទេសចរអន្តរជាតិស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជាឲ្យបានច្រើន។

ឯកឧត្តម បន្តថា មកដល់បច្ចុប្បន្ន នៅក្នុងអំឡុងពេលតាមអារាម នៅទូទាំងប្រទេស បាននិងកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ មានវត្តមួយចំនួន ដែលបានក្លាយជាវត្តទេសចរណ៍ គឺបាននិងកំពុងមានការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងភ្ញៀវបរទេសស្នាក់នៅកម្ពុជារយៈពេលយូរច្រើនហូរហែរបាននាំគ្នាអញ្ជើញទៅទស្សនាកម្សាន្ត សិក្សាស្វែងយល់ ទទួលយកបទពិសោធន៍ពីការធ្វើបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដោយមានការទិញផលិតផលកសិកម្មខ្មែរ ទិញម្ហូបអាហារ ទិញគ្រឿងទេយ្យទាននានាទៀតជាដើម ដែលកត្តានេះ គឺបានរួមចំណែកផ្តល់ប្រាក់ចំណូល ជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យមានការរីកចម្រើនផងដែរ។

យ៉ាងណា ឯកឧត្តម តុប សុភ័ក ក៏បានស្នើសុំអាជ្ញាធរមូលដ្ឋានសហការជាមួយវត្តរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឲ្យល្អប្រសើរ ខណៈតាមវត្តអារាមខ្លះដែលមានភាពទាក់ទាញ គឺមានពុទ្ធបរិស័ទ ភ្ញៀវជាតិ អន្តរជាតិ ក្រៅពីអញ្ជើញទៅធ្វើបុណ្យនៅក្នុងវត្ត គឺគេនាំគ្នាបន្តដំណើរអញ្ជើញទស្សនាកម្សាន្តសម្រស់ទេសភាពរបស់វត្ត ដែលមានរៀបចំតុបតែង រចនាបទស្រស់ស្អាត និងទស្សនាគោលដៅទេសចរណ៍នានាទៀតនៅជិតៗវត្តនេះ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia