ព័ត៌មាន
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងមន្ទីរសាធារណការខេត្តធ្វើយុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ខេត្តកណ្ដាល៖ ដើម្បីចូលរួមអបអរសាទរឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ បានរៀបចំ យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
យុទ្ធនាការនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខា ស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរក្រុងតាខ្មៅ មន្ត្រីប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៨០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងកោតសរសើរចំពោះមន្ត្រីរាជការ កងកម្លាំង មន្ត្រីប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តចូលរួមក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ។
ឯកឧត្តម បានមានប្រសាសន៍ថា យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង ដាស់តឿន និងក្រើនរំលឹកដល់សាធារណជនឱ្យបង្កើនការយល់ដឹង និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ការពារអាយុជីវិត និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ជាពិសេស អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉ក ត្រូវ ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ បើកបរដោយមានការយោគយល់ និងអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងមិនបើកបរលើសល្បឿនកំណត់។ ការអនុវត្តទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រារបួស ពិការភាព និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា៖ សកម្មភាពផ្សព្វផ្សាយត្រូវបានរៀបចំឡើងនៅតាមបណ្តោយផ្លូវលេខ២១ ខាងមុខវិទ្យាល័យ ហ៊ុន សែន តាខ្មៅ។ ក្នុងយុទ្ធនាការនេះ ក្រុមការងារបានចែកខិតប័ណ្ណ និងឯកសារផ្សព្វផ្សាយពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍សរុបចំនួន ២,៩០៥ច្បាប់ ចែកមួកសុវត្ថិភាពចំនួន ៧០មួក ព្រមទាំងផ្សព្វផ្សាយសារអប់រំតាមរយៈឧគ្ឃោសនសព្ទ ដើម្បីបង្កើនការយល់ដឹង និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងធ្វើដំណើរប្រកបដោយសុវត្ថិភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៕








-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល