Connect with us

ព័ត៌មាន

សម្តេចធិបតី៖ កម្ពុជាកំពុងកែទម្រង់ និងពង្រឹងពង្រីកសមត្ថភាពវិស័យការពារជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហើបឱ្យដឹងថា វិស័យការពារជាតិរបស់កម្ពុជា កំពុងត្រូវបានកែទម្រង់ និងពង្រឹងពង្រីកដើម្បីបង្កើនសមត្ថភាព ក្រោយរងនូវការឈ្លាន ពានពីប្រទេសថៃ តែមិនមែនមានន័យថា កម្ពុជាចង់មានសង្គ្រាមនោះទេ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែតុលា នេះ បានបង្ហើបឱ្យដឹងខ្លះៗ តែមិនលម្អិតតាមរយៈវេទិកាសាធារណៈ ថាវិស័យកងទ័ពកម្ពុជា ត្រូវបានពង្រឹង ដើម្បីឱ្យខឿនការពារជាតិរឹងមាំ តែការពង្រឹងវិស័យការពារជាតិនេះ មិនមែនមានន័យថា កម្ពុជាស្រេកឃ្លានសង្គ្រាមនោះឡើយ។ កម្ពុជា នៅតែមានឆន្ទៈក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ច្បាប់អន្តរជាតិ សន្ធិសញ្ញា និងអនុសញ្ញា ដែលមានស្រាប់រវាងភាគីទាំងពីរ។

សម្តេចធិបតី បានបង្ហើបថា ការកំណែទម្រង់កងទ័ព យើងបានធ្វើច្រើន តែខ្ញុំសុំមិនអត្ថាធិប្បាយ​ អាហ្នឹងជារឿងផ្ទៃក្នុងកងទ័ព មិនមែនជារឿងដែលត្រូវយកមកនិយាយបកស្រាយនៅលើវេទិកានោះទេ​ សុំបងប្អូនយោគយល់ ថាតាំងពីវៃគ្នាមកកងទ័ពយើងពង្រឹងស្អីខ្លះ?។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការពង្រឹងវិស័យការពារជាតិ ​​ជាការពង្រឹងធនធានមនុស្ស វិស័យសន្តិសុខជាតិ ដែលចាំបាច់ត្រូវតែធ្វើ។ ការពង្រឹងវិស័យបច្ចេកវិទ្យា ដែលពាក់ព័ន្ធនឹងស៊ីវិល សន្តិសុខជាតិ ក៏រាជរដ្ឋាភិបាលត្រូវតែធ្វើជាប់ជាប្រចាំផងដែរ។

សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងវិស័យការពារជាតិ សម្ដេចនឹងលម្អិតជូនប្រជាពលរដ្ឋនៅពេលស្ថានភាពវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ខណៈការកែទម្រង់គឺបានធ្វើចាប់ពីថ្នាក់ក្រសួង ថ្នាក់អគ្គបញ្ជាការ ប្រភេទទ័ព ថ្នាក់យោធភូមិភាគ ថ្នាក់តំបន់ប្រតិបត្តិការសឹងរង និងកងការពារព្រំដែន ជាដើម ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia