Connect with us

ព័ត៌មាន

ពេទ្យរដ្ឋ ពង្រឹងសមត្ថភាពវិនិច្ឆ័យជំងឺ ទប់ស្កាត់ជំងឺធ្ងន់ លើកកម្ពស់សុខភាពពលរដ្ឋតាមចក្ខុវិស័យរដ្ឋាភិបាល

មន្រ្ដីសុខាភិបាល អះអាងថា មន្ទីរពេទ្យរដ្ឋ បន្តពង្រឹងសមត្ថភាព ធ្វើរោគវិនិច្ឆ័យបឋម ជូនប្រជាពលរដ្ឋ អនុវត្តន៍ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល និងអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដើម្បីទប់ស្កាត់ការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។

លោកបណ្ឌិត ហែម ចាន់យុទ្ធី ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិពោធិ៍សែនជ័យ ប្រាប់ BTV នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ ថា មូលដ្ឋានសុខាភិបាលរបស់លោក ដែលមានប៉ុស្ដិ៍សុខភាពចំនួន២ មណ្ឌលសុខភាពចំនួន១០ និងមន្ទីរពេទ្យបង្អែកចំនួន១ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ដល់សេវាព្យាបាលបឋម ឫការធ្វើរោគវិនិច្ឆ័យបឋម ជូនប្រជាពលរដ្ឋ។ លោកសង្កត់ធ្ងន់ ថា ការពង្រឹងសមត្ថភាពធ្វើរោគវិនិច្ឆ័យនេះ គឺជាក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ និងជាការអនុវត្តដោយការទទួលខុសត្រូវខ្ពស់ចំពោះគោលនយោបាយរបស់រដ្ឋាភិបាល។

លោកវេជ្ជបណ្ឌិត អ៊ុក ណារិទ្ធិ ប្រធានមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់ កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ ប្រាប់ ថា មន្ទីរពេទ្យរបស់លោក បានផ្ដល់សេវាព្យាបាលបឋមជូនពលរដ្ឋ ដោយធ្វើរោគវិនិច្ឆ័យ ផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ពីព្រោះសេវាព្យាបាលបឋមនេះ មានសារៈសំខាន់ បើការធ្វើរោគវិនិច្ឆ័យ មិនបានត្រឹមត្រូវ អ្នកជំងឺប្រឈមធ្លាក់ក្នុងស្ថានភាពឈឺធ្ងន់ ឬក្លាយជាជំងឺរ៉ាំរ៉ៃ។ លោកអះអាងថា មន្ទីរពេទ្យរបស់លោក បច្ចុប្បន្នមានសមត្ថភាពខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យ និងការផ្ដល់សេវាព្យាបាល ពីព្រោះរាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាពគ្រូពេទ្យ ធ្វើទំនើបកម្មអគារ និងសម្ភារវិជ្ជសាស្រ្តកាន់តែទំនើប ក្នុងការផ្ដល់សេវាជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ពលរដ្ឋ ដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បានប្រាប់ថា ពួកគេពេញចិត្តសេវាពេទ្យរដ្ឋ ពីព្រោះវិនិច្ឆ័យជំងឺច្បាស់ និងផ្ដល់ថ្នាំមានប្រសិទ្ធភាព។ ជាក់ស្ដែងពួកគេដែលឈឺជំងឺតាមរដូវកាល និងជំងឺមិនឆ្លង ដូចជាគ្រុនឈាម ផ្ដាសាយ គ្រុនក្ដៅ ឈឺសន្លាក់ ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម គឺទទួលបានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងព្យាបាលទាន់ពេលវេលា។ ពលរដ្ឋ​ អរគុណ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែល​បន្តយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសេវាសុខាភិបាលជូនពលរដ្ឋ។

សម្ដេចមមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែតុលា ម្សិលមិញ ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបងកើតសាកលវិទ្យាល័យ វិទ្យាសាស្រ្ដសុខាភិបាល បានថ្លែងដោយបន្តជំរុញក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ដល់សេវាព្យាបាលបឋម ជូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការវិវត្ត នៃជំងឺផ្សេងៗ បង្កឱ្យពលរដ្ឋធ្លាក់ខ្លួនឈឺធ្ងន់ ឬក្លាយជាជំងឺរ៉ាំរ៉ៃ។ សម្ដេចសង្កត់ធ្ងន់ថា ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា មិនត្រឹមតែជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្ដែក៏កាត់បន្ថយពន្ទុកលើប្រព័ន្ធគាំពារសង្គមរបស់ជាតិផងដែរ៕

អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia