ព័ត៌មាន
បិណ្ឌវេនទី១៣៖ ព្រះសង្ឃ ពុទ្ធបរិស័ទ ឧទ្ទិសកុសល បួងសួងសូមឱ្យជាតិរក្សាបានសន្ដិភាព
ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទបន្តប្រារព្ធវេនកាន់បិណ្ឌទី១៣ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឧទ្ទិសកុសលជូនបុព្វការីជន និងបព្វបុរស បួងសួងឱ្យសង្គមជាតិរក្សាបានសុខសន្តិភាព បន្តពង្រឹងស្មារតីរួបរួមសាមគ្គីជាតិជឿជាក់លើរាជរដ្ឋាភិបាល។

ព្រះរតនញាណ អ៊ុក សារ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស ឧត្ដមទីប្រឹក្សាគណៈសង្ឃនាយក ព្រះធម្មធរ អនុគណៈខណ្ឌច្បារអំពៅ ព្រះនាយកពុទ្ធិកបឋមសិក្សាវាលស្បូវ និងជាព្រះគ្រូចៅអធិការ វត្តវាលស្បូវ ស្ថិតក្នុងសង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានសង្ឃដីការ ប្រាប់ BTV នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ ថា ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទបានបន្តនាំក្រុមគ្រួសារមកធ្វើបុណ្យឧទ្ទិសកុសល ជូនបុព្វការីជនរបស់ពួកគេយ៉ាងច្រើនកុះករ។ ព្រះគ្រូចៅអធិការ បញ្ជាក់ថា ការគោរពប្រតិបត្តិប្រពៃណី ជំនឿសាសនា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ មានសារៈសំខាន់ ក្នុងការថែរក្សាវប្បធម៌ ប្រពៃណី ជំនឿសាសនា ដល់យុវជនជំនាន់ក្រោយ។
នៅក្នុងឱកាសវេនកាន់បិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ព្រះគ្រូចៅអធិការ សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមមានព្រះរាជសុខភាពមាំមួនគង់ប្រថាប់ជាម្លប់សម្រាប់ប្រជានុរាស្រ្ដ។ បន្ថែមពីនេះ ព្រះអង្គ ក៏ជូនពរប្រមុខដឹកនាំជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត ថ្នាក់ដឹកនាំជាតិគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពុទ្ធបរិស័ទ្ធទូទាំងប្រទេស មានសិរីសួស្ដី ប្រទេសជាតិរក្សាបានសុខសន្ដិភាព។

លោក ឌឹម ណារិទ្ធ និងលោកស្រី ឈឹម សុវណ្ណារី ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលនាំក្រុមគ្រួសារមកធ្វើបុណ្យកាន់បិណ្ឌនៅវត្តវាលស្បូវ បានប្រាប់ថា លោកនិងភរិយា មកធ្វើបុណ្យឧទ្ទិសកុសលជូនដន្លងដែលធ្វើមរណកាលទៅ និងឧទ្ទិសជូនពលរដ្ឋខ្មែរ វីរៈកងទ័ព ដែលពលីព្រោះសង្រ្គាមថៃឈ្លានពាន សូមឱ្យបានទៅកាន់សុគតិភព។
លោកបានរំឭកនឹកគុណជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្ដិភាពរបស់កម្ពុជា ដែលតស៊ូលះបង់រំដោះជាតិឱ្យរួចផុតពីរបបកាប់សម្លាប់ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ លោកសង្កត់ធ្ងន់ថា បើគ្មានសម្ដេចតេជោ ប្រទេសជាតិក៏មិនបានស្គាល់ការអភិវឌ្ឍ ហើយប្រជាពុទ្ធបរិស័ទ្ធក៏មិនអាចមានឱកាសធ្វើបុណ្យតាមពេលវេលាដូចពេលនេះដែរ។ លោកបានបួងសួងសូមឱ្យសង្គមជាតិ រក្សាបានសុខសន្ដិភាព សូមឱ្យវត្ថុស័ក្ដិសិទ្ធ តាមថែរក្សាបីបាច់សម្ដេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ថ្នាក់ដឹកនាំជាតិគ្រប់រូប និងប្រទេសជាតិទាំងមូល សូមឱ្យឈ្នះសត្រូវដែលកំពុងឈ្លានពានអធិបតេយ្យជាតិ។
លោក លុយ សម្បត្តិ រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាម្ចាស់វេនកាន់បិណ្ឌទី១៣ នៅវត្តវាលស្បូវ បានប្រាប់ថា លោកនឹងក្រុមគ្រួសារបានកាន់បិណ្ឌចំនួន ៤វត្តហើយ។ ការបន្តកាន់បិណ្ឌតាមវត្តអារាមនេះ គឺដើម្បីចូលរួមថែរក្សាប្រពៃណីវប្បធម៌សាសនា និងជាគំរូដល់យុវជនជំនាន់ក្រោយ ថែរក្សាឱ្យប្រពៃណីដែលជាមរតករបស់បព្វបុរសខ្មែរ។
លោក សុខ ងួន ពលរដ្ឋរស់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើដំណើរដោយការប្រុងប្រយ័ត្នខ្ពស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ លោកអំពាវនាវដល់ប្រជាពលរដ្ឋ រក្សាស្មារតីសាមគ្គីជាតិឱ្យរឹងមាំ ជឿជាក់លើរាជរដ្ឋាភិបាល រួមគ្នាពង្រឹងកម្លាំងការពារជាតិ ការពារវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសាសនា។ លោកជឿជាក់ថា ជាតិខ្មែរនឹងបន្តរុងរឿងទៅមុខ នៅពេលសាមគ្គីភាពត្រូវបានពូនជ្រុំយ៉ាងរឹងមាំ រវាងពលរដ្ឋ និងរាជរដ្ឋាភិបាល។
សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ បានចាប់ផ្ដើម វេនកាន់បិណ្ឌទី១ កាលពីថ្ងៃទី២៧ ខែកញ្ញា រហូតដល់ថ្ងៃទី១១ ខែតុលា ដែលមានរយៈពេល ១៥ថ្ងៃ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ មិនត្រឹមតែជាការបំពេញ បុណ្យកុសល តាមប្រពៃណីជំនឿសាសនាប៉ុណ្ណោះទេ តែក៏ជាឱកាស នៃការជួបជុំគ្នារវាងក្រុមគ្រួសារសាច់ញាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានផងដែរ ដើម្បីបង្កើតជាចំណងសាមគ្គីភាពក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល៕ អត្ថបទ៖ លៀ ស៊ីណា






-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល