Connect with us

ព័ត៌មាន

អ្នកជំនាញ៖ ការបោសសម្អាតល្បែងអនឡាញតាមកាស៊ីណូ ជាខែលការពារអ្នកវិនិយោគស្អាតស្អំ និងស្តារទំនុកចិត្តវិនិយោគិន

ភ្នំពេញ៖ ដើម្បីពង្រឹងទំនុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនសកម្មភាពចុះត្រួតពិនិត្យតាមបណ្តាកាស៊ីណូទូទាំងប្រទេសយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងលុបបំបាត់អាជីវកម្មល្បែងអនឡាញខុសច្បាប់។ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ក្នុងការការពារតែអាជីវកម្មស្អាតស្អំ និងស្របច្បាប់នៅកម្ពុជា។

ឯកឧត្ដមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានប្រចាំការ នៃ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានបញ្ជាក់ថា ចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ គណៈកម្មការនឹងអនុវត្តវិធានការសំខាន់ៗចំនួនពីរ ដើម្បីទប់ស្កាត់ការលួចបើកល្បែងស៊ីសងអនឡាញខុសច្បាប់តាមទីតាំងកាស៊ីណូ។ វិធានការទាំងនោះរួមមាន ការផ្សព្វផ្សាយហាមឃាត់ និងបញ្ឈប់រាល់សកម្មភាពល្បែងអនឡាញក្នុងបរិវេណកាស៊ីណូ ព្រមទាំងការរៀបចំក្រុមការងារចម្រុះចុះត្រួតពិនិត្យទីតាំងជាក់ស្តែង។

ជុំវិញវិធានការនេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានឱ្យដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបោសសម្អាតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងអនឡាញខុសច្បាប់។ សម្រាប់ចាត់វិធានការចុះត្រួតពិនិត្យតាមបណ្តាកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ដើម្បីលុបបំបាត់អាជីវកម្មល្បែងអនឡាញខុសច្បាប់ នឹងធានាការពារតែអាជីវកម្ម ឬការវិនិយោគដែលស្អាតស្អំ ត្រឹមត្រូវ និងស្របច្បាប់ប៉ុណ្ណោះ ដោយមិនលើកលែងឱ្យអាជីវកម្មប្រផេះ ឬខ្មៅដែលល្មើសច្បាប់ឡើយ។

សូមបញ្ជាក់ថា លេខាធិការដ្ឋាន គ.ប.ឆ.ប. បន្តស្វាគមន៍កិច្ចសហការពីសាធារណជន និងស្ថាប័នអន្តរជាតិ ក្នុងយុទ្ធនាការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងករណីទទួលបានព័ត៌មានសង្ស័យពីទីតាំងប្រព្រឹត្តបទល្មើស ជាពិសេសកាស៊ីណូ អាជ្ញាធរពាក់ព័ន្ធនឹងស្រាវជ្រាវ បង្ក្រាប ដកហូតអាជ្ញាបណ្ណ ព្រមទាំង បង្កកនិងរឹបអូសទ្រព្យសម្បត្តិម្ចាស់ទីតាំង ឬម្ចាស់ភាគហ៊ុនស្របតាមច្បាប់ជាធរមាន៕អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia