Connect with us

ព័ត៌មាន

សម្ដេចធិបតី នាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្ដីវៀតណាម ជួបពិភាក្សាទ្វេភាគី ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលមេដឹកនាំវៀតណាមរូបនេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

សូមជម្រាបថា ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តី វៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាថ្ងៃត្រង់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនេះ បើតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។

ក្រសួងការបរទេស កម្ពុជា ក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឡេ មិញ ហ៊ឹង នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ព្រមទាំងរឹតចំណងសាមគ្គីភាព និងបញ្ជាក់ពីការប្តេជ្ញារួមរបស់ប្រទេសទាំងពីរក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia