Connect with us

ព័ត៌មាន

មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព

នៅក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និងការប្រកួតប្រជែងក្នុងវិស័យធុរកិច្ច ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាកត្តាសំខាន់មួយសម្រាប់ជួយបង្កើនប្រសិទ្ធភាព និងផលិតភាពអាជីវកម្ម។ ដើម្បីជំរុញការយល់ដឹង និងការចាប់យកបច្ចេកវិទ្យាថ្មីៗនេះ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ក្រោមការគាំទ្រថវិកាពីមូលនិធិអភិវឌ្ឍន៍ជំនាញ បានរៀបចំវគ្គចាប់យកឌីជីថល ស្ដីពី «ការពង្រឹងសមត្ថភាពប្រកួតប្រជែង» ក្រោមប្រធានបទ «ការអនុវត្តបញ្ញាសិប្បនិម្មិតសម្រាប់សហគ្រាសបោះដុំ» កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន និងសហគ្រាសក្នុងវិស័យបោះដុំ និងលក់រាយ ប្រមាណ ៥០នាក់។

វគ្គនេះមានគោលបំណងផ្ដល់ចំណេះដឹង និងការណែនាំដល់ម្ចាស់សហគ្រាសអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងប្រតិបត្តិការអាជីវកម្ម ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការចាប់យកឌីជីថល និងការគាំទ្រពីកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស (Enterprises Go Digital)។ ក្រោមអធិបតីភាពអ្នកស្រីបណ្ឌិត វង្ស រីលីដា នាយករងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” តំណាងឯកឧត្តមបណ្ឌិត តាំង ងួនលី នាយក-ប្រតិបត្តិមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”។ កម្មវិធីនេះបានផ្ដោតលើសារៈសំខាន់នៃការចាប់យកឌីជីថល ដើម្បីជួយសហគ្រាសត្រៀមខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលនៃបរិយាកាសសេដ្ឋកិច្ច និងការប្រកួតប្រជែងទីផ្សារ។

វគ្គបណ្ដុះបណ្ដាលបានរៀបចំបទបង្ហាញចំនួន ៤ រួមមាន ផែនទីបង្ហាញផ្លូវនៃការចាប់យកឌីជីថលសម្រាប់សហគ្រាសក្នុងវិស័យលក់រាយ ការលើកកម្ពស់ផលិតភាពតាមរយៈបញ្ញាសិប្បនិម្មិត បញ្ហាប្រឈមផ្នែកអាជីវកម្ម និងហិរញ្ញវត្ថុ ព្រមទាំងជំនួយហិរញ្ញវត្ថុគាំទ្រដល់ការចាប់យកឌីជីថល។ ក្រៅពីនេះ អ្នកចូលរួមក៏បានអនុវត្តផ្ទាល់ដោយប្រើប្រាស់ឧបករណ៍ Gemini AI និង Claude AI ដើម្បីស្វែងយល់ពីរបៀបយកបច្ចេកវិទ្យាទាំងនេះមកជួយដល់ដំណើរការអាជីវកម្ម និងបានចូលរួមពិភាក្សាអំពីការអនុវត្ត AI ក្នុងវិស័យបោះដុំ និងលក់រាយនៅកម្ពុជា។

តាមរយៈការរៀបចំវគ្គនេះ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» រំពឹងថា ម្ចាស់សហគ្រាសនឹងយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការចាប់យកឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ព្រមទាំងអាចយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដើម្បីបង្កើនផលិត ភាព និងសមត្ថភាពប្រកួតប្រជែង។ ជាពិសេស កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស គាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈការផ្ដល់ចំណេះដឹង និងប័ណ្ណជំនួយហិរញ្ញវត្ថុ (Grant Voucher) ដើម្បីជួយឱ្យសហគ្រាសអាចចាប់យកដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ និងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។

អត្ថបទ៖ ស៊ូ ជីង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia