ព័ត៌មាន
កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំលើកទី២ ក្រោមការសម្របសម្រួល UNCLOS នៅទីក្រុងឡាអេ នៅសប្ដាហ៍ក្រោយ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញ សេចក្តីថ្លែងការណ៍ឱ្យដឹងថា គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ នៅសប្ដាហ៍ក្រោយ គឺ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។
សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថា តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ បានប្រកាសនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធ៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ កិច្ចប្រជុំនេះគឺជាជំហានដ៏សំខាន់មួយទៀតនៅក្នុងដំណើរការដោយសន្តិវិធី ដែលផ្តួចផ្តើមឡើងដោយ កម្ពុជា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាដែនសមុទ្រនៃប្រទេសទាំងពីរ។ ផ្អែកលើមូលដ្ឋាននៃការពិភាក្សាប្រកបដោយស្ថាបនានៅក្នុងកិច្ចប្រជុំលើកទី១ នៅប្រទេសសិង្ហបុរី, កិច្ចប្រជុំលើកនេះនឹងផ្តល់ឱកាស ដល់ភាគីទាំងពីរស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត និងរកឃើញចំណុចដែល ឯកភាពគ្នា ពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាម ជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា អមដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង នឹងដឹកនាំគណៈប្រតិភូមន្ត្រីជំនាញច្បាប់ ចូលរួមកិច្ចប្រជុំគណៈកម្មការផ្សះផ្សា នៅ ទីក្រុងឡាអេ។
គួររម្លឹកថា នៅក្នុងសុន្ទរកថាបើកនៅចំពោះមុខគណៈកម្មការផ្សះផ្សា ក្នុងកិច្ចប្រជុំលើកទី១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ គោលបំណងចម្បងរបស់កម្ពុជាគឺសម្រេចដំណោះស្រាយមួយ ដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកផងដែរដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមក្នុងតំបន់។
តាមរយៈដំណើរការនេះ កម្ពុជាមានចេតនាចុះសន្ធិសញ្ញាជាមួយថៃ កំណត់ព្រំដែនសមុទ្រតែមួយ ដោយគ្របដណ្តប់លើគ្រប់គោលបំណងរវាងរដ្ឋទាំងពីរ ឬកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធាន ប្រកបដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការឈានដល់កិច្ចព្រមព្រៀងជាស្ថាពរ ស្តីពីព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ។ ប្រសិនបើមិនអាចសម្រេចបាននូវជម្រើសណាមួយក្នុងចំណោមជម្រើសទាំងពីរ កម្ពុជានឹងស្នើសុំគណៈកម្មការផ្សះផ្សារៀបចំអនុសាសន៍ ដែលអាចប្រើជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ស្របតាម កាតព្វកិច្ចរបស់ប្រទេសទាំងពីរ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។
កម្ពុជាមានជំនឿយ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់មូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយវិវាទរវាងរដ្ឋនានា ដោយសន្តិវិធី។ កម្ពុជានឹងចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងឡាអេ ក្នុងស្មារតីស្មោះត្រង់ សហការ និងគោរពគ្នាទៅ វិញទៅមក ហើយត្រៀមធ្វើការជាមួយគណៈកម្មការផ្សះផ្សា និងព្រះរាជាណាចក្រថៃ ដើម្បីឈានទៅសម្រេច បាននូវលទ្ធផលមួយប្រកបដោយយុត្តិធម៌ និងយូរអង្វែង៕



-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល