Connect with us

ព័ត៌មាន

សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣

នារាត្រី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត និងជំរុញដល់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន​ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម គួរមើលគ្នាជាគោលដៅទេសចរណ៍ ព្រមទាំងសហការរៀបចំទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពី «ទីផ្សារទីបី»។

ថ្លែងក្នុង វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ចំពោះមុន ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈធិបតីនៃប្រទេសទាំង២, សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ ថា លើសពីការជំរុញនៃការធ្វើដំណើររវាងប្រជាជន នៃប្រទេសទាំង២ យើងគួរមើលកម្ពុជា និងវៀតណាម ជាគោលដៅទេសចរណ៍ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ទាក់ទាញភ្ញៀវពីទីផ្សារទី៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា វិស័យទេសចរណ៍រវាងកម្ពុជា និងវៀតណាម មានសក្តានុពលធំធេងណាស់ ប៉ុន្តែប្រទេសទាំងពីរមិនទាន់ទាញយកផលប្រយោជន៍បានពេញលេញនៅឡើយទេ។ សម្តេចបានលើកឡើងថា

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជំហានបន្ទាប់គឺត្រូវប្រែក្លាយលំហូរទេសចរដែលមានស្រាប់ ឱ្យទៅជាកិច្ចសហប្រតិបត្តិការទេសចរណ៍កាន់តែស៊ីជម្រៅ ដោយមិនត្រូវមើលត្រឹមតែការធ្វើដំណើរឆ្លងដែនទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែត្រូវមើលកម្ពុជា និងវៀតណាម ជាគោលដៅទេសចរណ៍ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក សម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពីទីផ្សារទីបី។

ក្នុងស្មារតីនេះ សម្តេចធិបតី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងអ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយរួមគ្នា និងចងក្រងកញ្ចប់ទេសចរណ៍រួម កម្ពុជា-វៀតណាម ដែលផ្សារភ្ជាប់រវាង៖ ទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌពិភពលោក, ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍, ទេសចរណ៍តំបន់ឆ្នេរ និងកោះ និង ទេសចរណ៍ទីក្រុង និងទេសចរណ៍សុខភាព។

គួរបញ្ជាក់ថា កម្ពុជា និងវៀតណាម មានមូលដ្ឋានរឹងមាំស្រាប់លើវិស័យទេសចរណ៍ ដោយក្នុងឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាមជាង ១,២២ លាននាក់ ដែលធ្វើឱ្យវៀតណាម ឈរនៅលេខរៀងទី១ ក្លាយជាទីផ្សារទេសចរណ៍ធំជាងគេរបស់កម្ពុជា។ ទន្ទឹមគ្នានេះ ពលរដ្ឋកម្ពុជាកាន់តែច្រើនក៏បានជ្រើសរើសវៀតណាមជាគោលដៅទេសចរណ៍ និងសេវាថែទាំសុខភាព ដោយចំនួនភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៥ បានកើនឡើងប្រមាណ ៤៥% ធៀបនឹងឆ្នាំ២០២៤៕

អត្ថបទ៖ KC Virak

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia