Connect with us

ព័ត៌មាន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត​កំពុង​បំពេញទស្សនកិច្ចផ្លូវការ និង​ទស្សន​កិច្ច​ការងារ​នៅ​ប្រទេស​ចំនួន​៣ ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារព័ត៌​មាន​​​នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះថា មកដល់ថ្ងៃទី១៣ ខែតុលានេះ ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អមដោយលោកជំទាវបណ្ឌិត និងគណៈប្រតិភូជាន់ខ្ពស់​កំពុង​​បំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅក្នុងប្រទេសចំនួន ៣ ដែលជា​បេសក​កម្ម​ការ​ទូត​នៅ​ក្រៅប្រទេស ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិ និងការពារអធិបតេយ្យភាព បូរណ​ភាព​ទឹក​ដី។​

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អម​ដោយ​លោក​ជំទាវ​បណ្ឌិត និងគណៈប្រតិភូជាន់ខ្ពស់ពេលលនេះ​ ​កំពុងបន្ត​បំពេញទស្សនកិច្ចផ្លូវការ និងទស្សន​កិច្ច​ការ​ងារនៅក្នុងប្រទេសចំនួន៣គឺ៖ សាធារណរដ្ឋ អាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និង​សាធារណ​រដ្ឋ​កាហ្សាក់ស្ថាន តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃប្រទេសទាំង៣។ ដំណើរ​ទស្សន​កិច្ច​​​នេះមានគោលដៅ​ពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ទាំង​៣ ​និងស្វះស្វែងរក​ការទាក់ទាញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម…។

ឯកឧត្តម ប៉ែន បូណា បន្តថា ជាក់ស្តែង នៅអាស៊ែបៃហ្សង់សម្តេចធិបតី និងប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​អាស៊ែបៃហ្សង់ បានបង្ហាញការប្តេជ្ញាចិត្តពូនជ្រុំទំនាក់ទំនងការទូត និងកិច្ច​សហ​ប្រតិបត្តិ​ការ​​ទ្វេភាគីឱ្យកាន់​តែ​រឹងមាំ និងរីកចម្រើនថែមទៀត។ ថ្នាក់ដឹកនាំទាំង​ពីរ​ក៏​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្តូរ​ឯកសារចំនួន៣គឺ៖ អនុស្សរណៈនៃ​ការយោគយល់គ្នា​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ច, អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវា​ង​វិទ្យាស្ថាន​ជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសកម្ពុជា និងសាកលវិទ្យាល័យ ADA នៃក្រសួងការបរទេសអាស៊ែបៃហ្សង់និងកិច្ចព្រមព្រៀងស្តីពី​ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេច​វេះ​ពន្ធ និងការចៀសវាងពន្ធ។

វេទិការធុរកិច្ច​រវាង​កម្ពុជានិងអាស៊ែបៃហ្សង់ ក៏ត្រូវបានរៀបចំឡើងដើម្បីទាក់ទាញការវិនិយោគ។ ថ្លែងក្នុងវេទិកាធុរកិច្ច សម្តេចធិបតី បានបង្ហាញពីពីអត្ថប្រយោជន៍ជាក់ស្តែងដែលកម្ពុជាផ្តល់ជូនវិនិយោគិនដូចជាកម្លាំងពលកម្មប្រកបដោយថាមវន្ត, បរិយាកាសធុរកិច្ចមានអំណោយផល និងការលើកទឹកចិត្ត,ការគាំទ្រដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាល,ទីតាំងយុទ្ធសាស្ត្រនិងការតភ្ជាប់, ការទទួលបានទីផ្សារក្នុងតំបន់ និងសកល, ចីរភាពថាមពល និងកំណើនបៃតង ជាដើម។ សម្តេចធិបតីក៏បានអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ឱ្យចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅកម្ពុជាដោយរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រួលដល់ដំណើរវិនិយោគ តាមរយៈយន្តការគាំទ្រ និងការតម្រង់ទិស ដោយធានានូវបទពិសោធន៍ដ៏រលូន និងជោគជ័យ។

សូមជម្រាបថា សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដោយលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី និងគណៈប្រតិភូជាន់ខ្ពស់ កំពុងបន្តបំពេញទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួនបី រួមមាន សាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ (តួកគី) និងសាធារណរដ្ឋកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសទាំងបីនេះ ត្រូវបានរំពឹងថានឹងជួយជំរុញ និងពង្រីកទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងបណ្តាប្រទេសនៅតំបន់អឺរ៉ាស៊ីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia