Connect with us

ព័ត៌មាន

ពលរដ្ឋអរគុណរាជរដ្ឋាភិបាល បន្តផ្ដល់សេវារថយន្តក្រុងឥតគិតថ្លៃជិះទាំងទៅ និង​មក​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ

នៅថ្ងៃទី១៣ ខែតុលានេះ គឺជាថ្ងៃចុងក្រោយហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បាន​ដាក់​ពង្រាយ​រថយន្ត​ក្រុង​សាធារណៈ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើត និងវិល​ត្រឡប់​មក​វិញ​ដោយ​ឥត​គិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីបានដំណើរការយ៉ាងរលូនចាប់តាំងពីថ្ងៃទី៩ ខែ​តុលា​មក។

តាមរយៈការសម្ភាសន៍ផ្ទាល់ជាមួយអ្នកដំណើរមកពីបណ្តាខេត្តនានា ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​បាន​សម្តែង​នូវ​ក្តីរំភើប និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលបានផ្ដល់​រថយន្ត​ក្រុង​ដឹកជ​ញ្ជូនទាំងទៅនិងមកដោយឥតគិតថ្លៃ ដែលនេះឆ្លុះបញ្ចាំងពីការគិតគូរខ្ពស់ពីសុខទុក្ខ និង​ជីវភាពរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ក្រុម​ប្រជាពលរដ្ឋបានប្រាប់ព័ត៍មាន ប៊ីធីវី ដោយស្នាមញញឹមថា ពួក​គាត់​ពិត​ជា​មាន​ភាព​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង។ ការធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋ មិនត្រឹមតែតែជួយសន្សំ​ថវិកា​បាន​មួយ​ចំណែក​ធំ​សម្រាប់​គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសុវត្ថិភាព ផាសុកភាព និងមិន​បារម្ភ​រឿង​រថយន្ត​ឈ្នួលឡើង​ថ្លៃហួសហេតុក្នុងថ្ងៃបុណ្យទាននោះឡើយ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងស្រដៀងគ្នាថា ក្រោយធ្វើដំណើរមកដល់រាជធានីភ្នំពេញភ្លាម ពួក​គាត់​នឹង​ត្រៀមខ្លួនចូលធ្វើការងារវិញភ្លែត។ ជាមួយនេះ ពួកគា់ក៏មិន​បាន​ភ្លេច​ថ្លែង​អំណរ​គុណ​ដល់​អ្នក​បើកបរ និងក្រុមការងារទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីមកបម្រើ និង​សម្រួល​ការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋពេញមួយឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។

លោក ជុំ ចន្នី បុគ្គលិករដ្ឋាករស្វយ័ត្នដឹកជញ្ជូនសាធារណៈនៃសាលារាជធានីភ្នំពេញ បាន​លើក​ឡើង​ថា ​ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ទោះបីជាមិនបាន​ឈប់​សម្រាក​ប៉ុន្តែ​លោក​មាន​ការ​សប្បាយ​ចិត្ត ដែលបានចូលរួមបំពេញការងារសង្គមមួយនេះជូនដល់ប្រជាពលរដ្ឋ។ លោក​ក៏​បាន​ថ្លែង ​អំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូរដល់ប្រជាពលរដ្ឋ តាមរយៈ ការ​ផ្ដល់​ឱ្យពលរដ្ឋបានជិះរថយន្តក្រុងឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងសម្តែង​ការ​ជូន​ពរ​ដល់​ជន​រួម​ជាតិ​ទាំង​អស់​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ស្រុក​កំណើត​វិញ​ប្រកប​ដោយ​សុខ​សុវត្ថិភាព​គ្រប់​ៗ​គ្នា​។

ការ​ដាក់ឱ្យប្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនគិតថ្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​រដ្ឋ​បាល​រាជ​ធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន ៦០០គ្រឿង រយៈពេល ៥ថ្ងៃ គិតចាប់​ពី​ថ្ងៃ​ទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយ​សម្រួល​ដល់កា​រ​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ទាំង​អស់ ក្នុងការធ្វើដំណើរ​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃ​ណី​ជាតិខ្មែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia