Connect with us

ព័ត៌មាន

ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លើកទឹកចិត្តក្រុមហ៊ុនសហគ្រាសកូរ៉េក្នុងតំបន់គីមផូ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

នៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Lee Ki-hyung អភិបាលក្រុងគីមផូ នៅសាលាក្រុងគីមផូ ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម ឯកអគ្គរាជទូតបានជម្រាបលោកអភិបាលក្រុងគីមផូថា ឆ្នាំក្រោយជាឆ្នាំពិសេស នៃឱកាសគម្រប់ខួប ៣០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ឯកឧត្តមសង្ឃឹមថា ស្ថានទូត និងក្រុងគីមផូ អាចរៀបចំព្រឹត្តិការណ៍ពិសេសរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងបំលាស់ប្តូររវាងប្រជាជន និងប្រជាជន។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានអញ្ជើញលោកអភិបាលក្រុងទៅទស្សនកិច្ចនៅកម្ពុជា ដោយដឹកនាំក្រុមហ៊ុន សហគ្រាសកូរ៉េក្នុងតំបន់គីមផូ ដើម្បីរៀបចំវេទិការធុរកិច្ច ក្នុងគោលដៅបង្កើតឱកាសវិនិយោគ និងស្វែងរកដៃគូអាជីវកម្មថ្មីក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនៃជំនួបនោះដែរ ភាគីទាំងពីរបានផ្លាស់យោបល់អំពីការពង្រឹងចំណងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងកិច្ចគាំពារដល់សុខមាលភាពរបស់បងប្អូនសហគមន៍ខ្មែរដែលរស់នៅ និងបំរើការងារក្នុងតំបន់គីមផូចំនួនប្រមាណ ២ពាន់នាក់ ដោយលោកអភិបាលក្រុងបានលើកឡើងថា បងប្អូនប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងតំបន់គីមផូ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

លោកអភិបាលក្រុង បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូត និងបានជម្រាបឯកឧត្តម ឯកអគ្គរាជទូតថា ក្នុងទីក្រុងគីមផូ មានក្រុមហ៊ុន-សហគ្រាសផលិត ប្រមាណ ៨ពាន់ក្រុមហ៊ុន និងលោកក៏មានបំណងចង់ឱ្យក្រុមហ៊ុនទាំងនោះ អាចពង្រីកសក្តានុពលរបស់ខ្លួននៅក្នុងទីផ្សារ នៃប្រទេសកម្ពុជាផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia