Connect with us

ព័ត៌មាន

សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

មន្ត្រីគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅ​ស្ថានីយ​អ្នក​ដំណើរ​ចេញ​នៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករ សហការជាមួយ​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរ​ចាក​ចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា។

មន្ត្រីបន្ថែមថា ជាលទ្ធផល ក្រុមការងារបានរកឃើញរុក្ខជាតិក្រៀម សង្ស័យជា​សារធាតុ​ញៀន​ប្រភេទ​កញ្ឆា ចំនួន២០ ដុំ មានទម្ងន់សុទ្ធសរុប ៣៣ ០៧៣ ក្រាម លាក់​បង្កប់​ក្នុង​វ៉ា​លី​​សំលៀក​បំពាក់​។

មន្ត្រីគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងដែរថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ មន្ត្រីគយ​និង​រដ្ឋាករ​សហការ​ជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ២​នាក់​ក្នុង​ករណីផ្សេងគ្នាចំនួនពីរ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយ​រកឃើញរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា សរុបចំនួន ៨៥ ដុំ មាន​ទម្ងន់​សុទ្ធ​សរុប ៤៨ ១៥៨ ក្រាម។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បញ្ជាក់ថា ករណីទី១ គឺនៅវេលាម៉ោង ០៨:៣៥ នាទី ក្រុម​ការ​ងារ​បាន​ត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ រកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៤៦ ដុំ មាន​ទម្ងន់​សុទ្ធ ២៣ ០៤៦ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។ ករណីទី២ គឺនៅវេលាម៉ោង ២០:​០៥ នាទី ក្រុមការងារបានត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ រកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៣៩ ដុំ មានទម្ងន់សុទ្ធសរុប ២៥ ១១២ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។

មន្ដ្រីបន្ថែមថា បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុម​ការ​ងារ​បានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាព​នគរបាល​ប្រឆាំង​គ្រឿង​ញៀន ​ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia