Connect with us

ព័ត៌មាន

ក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូ​មធ្យម​សិក្សា​មាន​អ្នក​ជាប់​ត្រឹម​ជាង​ពាក់​កណ្តាល​តម្រូវ​ការ​ប៉ុណ្ណោះ

ក្រសួងមុខងារសាធារណៈ កាលពីល្ងាចថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៦ បាន​ប្រកាស​លទ្ធផល​ការ​ប្រឡង​ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សា គ្រូអនុវិទ្យាល័យ និង​គ្រូ​វិទ្យាល័យ​។ លទ្ធផល គឺចំនួន អ្នកជាប់មិនគ្រប់តាមចំនួនតម្រូវការនោះទេ។ ចំនួន​អ្នក​ជាប់​មាន​ត្រឹម​តែ ១ ៧៥៤នាក់ ខណៈចំនួនតម្រូវការសរុប ការដោះស្រាយបញ្ហាខ្វះគ្រូក្នុងឆ្នាំសិក្សាថ្មី ក្នុង​កម្រិត​មធ្យម​សិក្សា​មាន​ចំនួនរហូតដល់ ៣ ០០០នាក់។

ការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិត​មធ្យម​សិក្សា​ជា​ការ​ប្រឡង​ធំ​ប្រចាំ​ឆ្នាំ​មួយ ដែលមានបេក្ខជនចប់បរិញ្ញាបត្រជាង ១ម៉ឺននាក់ ចូលរួមប្រកួត​ប្រជែង​ធ្វើ​ជា​ធ្វើ​បង្រៀន​។ បេក្ខជនជាង ១ម៉ឺននាក់ ប្រកួតប្រជែងគ្នា ស្របពេលដែលតម្រូវការគ្រូអនុវិទ្យាល័យ និង​គ្រូវិទ្យាល័យមានត្រឹម ៣ ០០០នាក់ ប៉ុណ្ណោះ សម្រាប់ឆ្នាំសិក្សាថ្មី។

ជា​លទ្ធផល ក្រោយការប្រឡង និងការធ្វើកំណែបានបញ្ចប់រួចរាល់ គឺចំនួនអ្នកជាប់ជាស្ថាពរ មិន​គ្រប់​ចំនួន​តម្រូវការ នោះទេ។ អ្នកជាប់ស្ថាពរ មានត្រឹមតែ ១ ៧៥៤នាក់ ខណៈ​ដែល​ចំនួន​តម្រូវ​ការ​មាន​រហូតដល់ ៣ ០០០នាក់។ គ្រូ វិទ្យាល័យនៅខ្វះជាង ៥០០នាក់ គ្រូអនុ​វិទ្យាល័យ​នៅ​ខ្វះ​ជាង​ ៧០០នាក់។ ចំនួនអ្នកជាប់ស្ថាពរ មិនគ្រប់តាមតម្រូវ ការក្តី តែនៅ​មាន​បេក្ខជន​ដែល​ជាប់​បម្រុង​។ បេក្ខជនជាប់បម្រុង ជាបេក្ខជនអាទិភាពបន្ទាប់ ដែលអាច​ទទួល​បាន​ការ​ចាប់​ប៉ុស្តិ៍​បង្រៀន ​​នៅតាមទីតាំងសាលារៀន ដែលមិនទាន់មានគ្រូបង្រៀនគ្រប់គ្រាន់។

បេក្ខជន​ជាប់​បម្រុង សម្រាប់កម្រិតវិទ្យាល័យមានចំនួនជាង ១ ៧០០នាក់ រីឯអ្នក​ជាប់​បម្រុង​កម្រិត​អនុវិទ្យាល័យមានជាង ៧០០នាក់។ ផ្អែកតាមការអនុវត្តកន្លងទៅ ជាក់ស្តែងនៅដើមខែ តុលា​នេះ ក្រសួងមុខងារសាធារណៈ ក៏បានផ្តល់ឱកាសឱ្យ បេក្ខជនជាប់បម្រុង ដែល​បាន​ប្រឡង​ក្នុង​ការ​ជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងកម្រិតបឋមសិក្សា កាលពី ឆ្នាំ ២០២៥​កន្លង​ទៅ ​ទទួលបានឱកាសចាប់ប៉ុស្តិ៍បង្រៀននៅតាមសាលារៀនដែលខ្វះគ្រូងផងដែរ។ ស្របពេលនឹងការប្រកាសលទ្ធផលនេះ ក្រសួងមុខងារសាធារណៈ បានជូន​ដំណឹង​ឱ្យ​បេក្ខ​ជន​ជាប់​ស្ថាពរ ក៏ដូចជា បេក្ខជនជាប់បម្រុង ត្រូវទៅបង្ហាញខ្លួន និងដាក់ពាក្យ​ចូល​រៀន​នៅ​គ្រឹះស្ថាន​អប់រំ​គ្រូប​ង្រៀន ដែលក្រសួងអប់រំ យុ វជន និងកីឡាបានកំណត់ក្រោយការប្រកាសលទ្ធផល ក្នុង​រយៈពេល ១សប្តាហ៍។

ក្រោយចប់ការងារជ្រើសរើសគ្រូកម្រិតមធ្យមសិក្សានេះ នៅថ្ងៃទី ២៨ តុលាខាងមុខនេះ ក្រសួង​មុខ​ងារ​សាធារណៈ នឹងរៀបចំការប្រឡងធំមួយទៀត គឺជ្រើសរើស​គ្រូ​កិច្ច​ព្រម​ព្រៀង​ការ​ងារ​កម្រិត​បឋម​សិក្សា ដែលមានបេក្ខជនចប់ បរិញ្ញាបត្រជាង ២ម៉ឺននាក់នឹងចូលរួមប្រកួតប្រជែងគ្នា ស្រប​ពេល​ដែល​តម្រូវការមានត្រឹមជិត ៣ ០០០នាក់ ប៉ុណ្ណោះ៕ អត្ថបទ៖ គឹមហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia