ព័ត៌មាន
អ្នកនាំពាក្យ៖ខួបគម្រប់មួយឆ្នាំនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមនេះ ក៏ដូចជាសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)
ភ្នំពេញ៖ ខួបគម្រប់មួយឆ្នាំនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួរនេះដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន ជាសាក្សី ក៏ដូចជាសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកំពុងស្ថិតនៅជាធរមាន។
ក្នុងឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរម្លឹកជូនឡើងវិញនូវខ្លឹមសារសំខាន់ៗនៃសេចក្តីថ្លែងការណ៍រួមនេះមាន៨ចំណុចដែលមានខ្លឹមសារដូចតទៅ៖
១. យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាព និងសន្តិសុខរវាងប្រទេសយើងទាំងពីរ ដូចដែលបានប្រកាសនៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសូមគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងចំពោះការចៀសវាងការគំរាមកំហែង ឬប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិទៅវិញទៅមករវាងប្រទេសយើងទាំងពីរ។
២. យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ។
៣. យើងបានចុះហត្ថលេខាលើលក្ខខណ្ឌយោងស្តីពីការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលមានសមាសភាពជាបុគ្គលិកមកពីរដ្ឋសមាជិកអាស៊ាន និងមានគោលបំណងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។ យើងសូមអំពាវនាវដល់រដ្ឋសមាជិកអាស៊ានឱ្យផ្តល់ការគាំទ្រសមស្របដើម្បីធានាថា AOT អាចសម្រេចគោលបំណងរបស់ខ្លួនបានដោយជោគជ័យ។
៤. បន្ថែមលើនេះ យើងបានប្តេជ្ញាចិត្តក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
៥. នៅពេលអនុវត្តវិធានការដែលបានរៀបរាប់ខាងលើប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរនឹងទទួលស្គាល់ថា អរិភាពសកម្មត្រូវបានបញ្ចប់។
៦. យើងយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយជាយុទ្ធសាស្ត្រនិងពង្រឹងការគ្រប់គ្រងព្រំដែនដើម្បីទប់ស្កាត់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងពីរ និងសហគមន៍អន្តរជាតិជារួម។
៧. យើងទទួលស្គាល់ពីភាពចាំបាច់ត្រូវកំណត់នូវមាគ៌ាសម្រាប់អនាគតដ៏ភ្លឺស្វាងមួយ ដែលមិនជាប់ជំពាក់នូវចំណងជម្លោះពីអតីតកាល។ រដ្ឋាភិបាលទាំងពីរបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។ លក្ខខណ្ឌទាំងនេះត្រូវបានបង្កើតឡើងសម្រាប់ឱ្យប្រទេសរបស់យើងមើលឆ្ពោះទៅមុខ ហើយចាប់ផ្តើមកសាងទំនាក់ទំនងជាអ្នកជិតខាងគ្នាស្របតាមខ្លឹមសារនិងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន ស្តីពីការដោះស្រាយជម្លោះដោយសន្តិវិធី ដោយត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមនូវទំព័រថ្មីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។
៨. យើងខ្ញុំសូមសម្តែងនូវទំនុកចិត្តថា កិច្ចប្រជុំនេះ ដោយមានវត្តមាន និងការគាំទ្រពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម នៃប្រទេសម៉ាឡេស៊ី គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការគោរពគ្នាទៅវិញទៅមកនិងការជំរុញសន្តិភាពនៅក្នុងតំបន់។ យើងខ្ញុំសូមកត់សម្គាល់ដោយការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកយ៉ាងសំខាន់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការជំរុញការស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្ការវាងកម្ពុជានិងថៃ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា៖«រាជរដ្ឋាភិបាលកម្ពុជាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួរនេះដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន ជាសាក្សី ក៏ដូចជាសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកំពុងស្ថិតនៅជាធរមាន»។
អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីទាមទារទឹកដីកម្ពុជាមួយចំនួនដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះមកវិញ តាមមធ្យោបាយសន្តិវីធី តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់ និងដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋភៀសសឹកកម្ពុជា ជាង២ម៉ឺននាក់ដែលនៅសល់ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ សហគមន៍អន្តរជាតិក៏កំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់ និងជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធីតាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា៕

-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា