Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាលកាត់ឆ្វៀលដីតំបន់ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញជូនប្រជាពលរដ្ឋចំនួន ១០ភូមិ ដែលមានជាង១ម៉ឺន ១ពាន់ ៣រយក្បាលដី

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ចំនួន ១០ភូមិមានជាង១ម៉ឺនក្បាលដីបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលបានសម្រេចឆ្វៀលដីទាំងនេះប្រគល់ជូនប្រជាពលរដ្ឋ ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានផ្ទេរទៅទីតាំងថ្មីនាខេត្តកណ្តាល។

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តទួលសុភាឃួន ខណ្ឌពោធិ៍សែនជ័យ ហើយប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថនេះជាប្រជាពលរដ្ឋរស់នៅទីតាំងតំបន់កាត់ឆ្វៀលក្នុងភូមិព្រៃទា១ ភូមិព្រៃទា២ និងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ភូមិជ្រៃកោង ភូមិចោមចៅ២ ភូមិថ្មគោល១ ភូមិថ្មគោល២ និងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តថែទាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចប្រគល់ដីទាំងនេះជូនប្រជាពលរដ្ឋចំនួន ១១៣២១បណ្ណ ដែលរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ឯកឧត្ដមបញ្ជាក់ជូនប្រជាពលរដ្ឋថា គ្មានឳពុកម្តាយណាម្នាក់ចង់ឱ្យកូនក្រីក្រនោះទេ ពេលនេះបងប្អូនប្រពលរដ្ឋទាំងអស់គ្នាមិនត្រឹមតែបានបណ្ណកម្មសិទ្ធិស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងមានសួនកំសាន្តដើរហាត់ប្រាណនៅក្នុងព្រលានយន្តហោះចាស់នេះផងដែរ។ ឯកឧត្ដមបានបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញក៏នឹងបន្តធ្វើប្រព័ន្ធលូបង្ហូរទឹកនៅតំបន់នេះឱ្យបានកាន់ល្អប្រសើរថែមទៀត។ ទោះបីជាយ៉ាងណាក្តីឯកឧត្ដមអភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការទុកដាក់សំរាមឱ្យបានល្អ កុំឱ្យសំរាមហូរចូលូ និងប្រឡាយទឹក។

លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យបានឱ្យដឹងថា ដោយសារទីតាំងនេះមិនមានការពង្រីកព្រលានយន្តហោះទៀតទើបរាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញសិក្សាដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋ ដោយបញ្ចប់នៅឆ្នាំ២០២៦នេះ ហើយដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋនេះមានចំនួន ១១៣២១បណ្ណ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញបានឱ្យដឹងផងដែរថា ដីតំបន់នេះជាដីដែលបានបង្កកយូរមកហើយ ហើយថ្មីៗនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យប្រគល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវប្រគល់ជូននេះមានលក្ខណៈពិសេសជាងគេ ដោយនៅក្នុងបណ្ណនេះមានបញ្ជាក់ពីការកំណត់កម្ពស់នៃការសាងសង់ថែមទៀតផង៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia