Connect with us

កីឡា

កីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤

ជំនួបរវាងក្រុមលំដាប់កំពូល Vigor Apex និង PRO Esports នៃព្រឹត្តិការណ៍លីគអាជីពកីឡាអេឡិចត្រូនិក MPL Cambodia រដូវកាលទី១១ បានបញ្ចប់ដោយលទ្ធផលដ៏តានតឹង ដោយក្រុមកំពូលតារាង  Vigor Apex បានយកឈ្នះដោយលទ្ធផល ២-១ តែក្រោយចប់ការប្រកួតកីឡាករក្រុមទាំងពីរ បានបង្ហាញពីចំណុចខ្វះខាតរៀងៗខ្លួន ដែលត្រូវពង្រឹងបន្ថែម។

នេះគឺជាជំនួបដ៏ទាក់ទាញដែលអ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិកកម្ពុជាចង់ឃើញ ។ ដូចការគ្រោងទុកក្រុមទាំងពីរ បានបង្ហាញភាពខ្លាំងរៀងៗខ្លួន ក្នុងនោះប្រកួតទី១ PRO Esports បានយកឈ្នះ មុនក្រុម Vigor Apex វាយបកឈ្នះនៅ ២ប្រកួតបន្ទាប់ ដើម្បីរក្សាកៅអីកំពូលតារាង ជាមួយកំណត់ត្រាឈ្នះ ៧លើកជាប់ៗគ្នា មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ។

ក្រោយចប់ការប្រកួត ទោះបីទទួលបានជ័យជម្នះ តែប្រធានក្រុម Vigor Apex កីឡាករ ញ៉ែម ច័ន្ទដាវណ្ណ និងកីឡាករ ហ៊ី ម៉េងគង់ បានលើកឡើងស្រដៀងគ្នាពីភាពខ្វះខាតរបស់ក្រុម ហើយតាំងចិត្តនឹងធ្វើឲ្យបានល្អ ពិសេសបើមានឱកាសជួបគ្នាម្ដងទៀត ជាមួយក្រុមការពារតំណែងជើងឯក PRO Esports។

ដោយឡែកកីឡាករ ឡេង គីមហាក់ សមាជិកក្រុម PRO Esports បានសម្ដែងការសោកស្ដាយ ចំពោះការមិនយល់ចិត្តក្នុងក្រុម ពិសេសនៅប្រកួតទី៣ ដែលក្រុមស្ទើរតែទទួលបានជ័យជម្នះ តែបែរជាភ្លាត់ចាញ់វិញ ។ បែបនេះក្ដី គីមហាក់ ថាក្រុមប្ដេជ្ញានឹងខិតខំកែតម្រូវនូវចំណុចខ្វះខាត ហើយពង្រឹងក្រុមឲ្យបានកាន់តេល្អ ក្នុងនាមក្រុមការពារជើងឯក ហើយបើមានឱកាសខ្លួនចង់ជួប Vigor Apex ម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ។

គួរដឹងថា ឆ្លងកាត់ ៤សប្ដាហ៍កន្លងមក ព្រឹត្តិការណ៍ MPL Cambodia រដូវកាលទី១១ បានរកឃើញក្រុមកក់កៅអីវគ្គ Play-Offs ២ក្រុមហើយ ពោលគឺក្រុម Vigor Apex និង PRO Esports ដែលកំពុងឈរលេខ១ និងលេខ២ គ្រាដែលបេក្ខភាព ៤ក្រុមផ្សេងទៀត ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតសប្ដាហ៍ចុងក្រោយ ។ ជាមួយគ្នា ក៏មាន ២ក្រុមបានធ្លាក់ផងដែរ គឺក្រុម See You Soon និងក្រុមនារី Galaxy Phonenix៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia