Connect with us

ព័ត៌មាន

កម្ពុជាបន្តតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពយោធាថៃបន្តប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដីធ្វើផ្លូវលើទឹកដីខ្មែរនៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជាផ្លូវការ បន្ថែមចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាដោយកាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅនេះ យោធាបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ឈូសឆាយសាង សង់ផ្លូវនៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចន្លោះបង្គោលព្រំដែនលេខ៩ លេខ១០ និងលេខ១១ ហើយបន្ទាប់មកនៅថ្ងៃទី១៧ ខែតុលាដដែលនេះ កងកម្លាំងប្រដាប់អាវុធថៃ ក៏បានបាញ់ថ្នាំក្រហមលើ ដើមឈើ នៅចន្លោះបង្គោលព្រំដែនលលេខ១០ និងលេខ១១ ដើម្បីត្រៀមរៀបចំការបងន្តសាងសង់ផ្លូវ បន្ថែមទៀតនៅតំបន់នោះផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាតវ៉ាងយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខាងលើ ដោយចាត់ទុកទង្វើរបស់យោធាថៃនេះជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាតមួយលើពីររយពាន់ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នំា១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ និងកិច្ចព្រម ព្រៀងទាំងឡាយជាមួយកម្ពុជាជាដើម។

តាមរយៈកំណត់ទូតតវ៉ានេះដែរ រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ទៅភាគីថៃផងដែរថា កម្ពុជាមិន ទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយកម្ពុជាទាមទារឲ្យថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់នេះជាបន្ទាន់ បញ្ឈប់រាល់សកម្មភាពជាឯកតោ ភាគី ហើយត្រូវធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តិគ្នាទៅវិញទៅមក ព្រមទាំងរក្សា សន្តិភាព និងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia