Connect with us

ព័ត៌មាន

បាតដៃសុភមង្គលទាក់ទាញទេសចរកាន់តែច្រើន ផ្ដល់បទពិសោធន៍ថ្មី នៃដំណើរទស្សនាមាត់សមុទ្រ

កំពត៖ រូបសំណាកបាតដៃសុភមង្គលដែលជាសមិទ្ធផលទេសចរណ៍ឯក បាននិងកំពុងបន្ថែមនូវសោភ័ណភាព និងបទពិសោធន៍ថ្មីមួយទៀត សម្រាប់ភ្ញៀវទេសចរមកលេងខេត្តកំពត។ ហើយចាប់តាំងពីបើកឲ្យឡើងថតរូបកម្សាន្តនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ រហូតមកដល់ពេលនេះ ភ្ញៀវមកលេងកាន់តែច្រើន ពិសេសថ្ងៃចុងសប្តាហ៍។ ទេសចរ និងពលរដ្ឋបានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះសមិទ្ធផលថ្មីនេះ ព្រោះវាមិនត្រឹមតែបន្ថែមភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនមុខរបរ និងប្រាក់ចំណូលដល់ពលរដ្ឋផងដែរ។

ភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្ត បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកលេងកម្សាន្តនៅខេត្តកំពត ព្រោះជាខេត្តទេសចរណ៍ល្អឯក មានអ្វីថ្មីៗ ប្លែកៗជាច្រើន គួរឲ្យចាប់ចិត្តដិតអារម្មណ៍ គួរចង់មកទស្សនា មិនចេះជិនណាយ។ ហើយគ្រាន់តែដឹងថារូបសំណាកបាទដៃសុភមង្គល បើកឲ្យឡើងកម្សាន្ត ធ្វើចិត្តរបស់គេរំជើបរំជួល នឹកចង់មកលេងភ្លាម តែមិនទាន់មានឱកាស។ រហូតបានមកឃើញផ្ទាល់នាពេលនេះ ទើបដឹងថា មិនមែនមានតែពួកគេទេ ដែលស្រឡាញ់ និងចូលចិត្តខេត្តកំពត ពិសេសចង់មកមើលបាតដៃសុភមង្គលដែលជាសមិទ្ធផលទេសចរណ៍ឯកថ្មីមួយបន្ថែមទៀតរបស់ខេត្តកំពត។

អ្នកទេសចរបានលើកឡើងថា (ខ្ញុំឃើញថាវាជាសមិទ្ធផលថ្មីស្អាតប្លែក ទាក់ទាញភ្នែក ទាក់ទាញទេសចរមកច្រើន។ ខ្ញុំសុំសរសើរអាជ្ញាធរខេត្តដែលបានយកចិត្តទុកដាក់អភិវឌ្ឍតំបន់មាត់សមុទ្រឱ្យមានភាពទាក់ទាញ។ នៅពេលឡើងទៅលើរូបសំណាក់បាតដៃសុភមង្គលហាក់ទទួលបានអារម្មណ៍មួយប្លែកថ្មី មើលឃើញទេសភាពស្អាតៗនៅជុំវិញខ្លួន។

ទន្ទឹមនឹងលំហូរភ្ញៀវទេសចរមកលេងនៅរូបសំណាកបាតដៃកាន់តែច្រើន ក៏បានផ្តល់ឱកាសឲ្យអ្នកលក់ដូរម្ហូបអាហារ នំចំណី វត្ថុអនុស្សាវរីយ៍ នៅក្បែរនោះលក់ដាច់ជាងមុនផងដែរ ពិសេសក៏បានផ្តល់ការងារទៅដល់ជាងថតរូប ដើម្បីបានចំណូលបន្ថែម សម្រាប់ជួយទ្រទ្រង់ជីវភាពគ្រួសារ។

អាជីវករបានធ្វើការកត់សម្គាល់ថា រូបសំណាកបាតដៃ សមិទ្ធផលថ្មីបន្ថែមលើរូបនាឡិកា និងសេះសមុទ្រ បានទាក់ទាញទេសចរកាន់តែច្រើនមកលេង ការលក់ដូររបស់ពួកគេក៏មានកំណើនតាមនោះដែរ ជាពិសេសថ្ងៃចុងសប្ដាហ៍។ រថយន្ត កកកុញនៅកន្លែងចំណត ដែលវាខុសពីពេលមុន។ សមិទ្ធផលបម្រើឱ្យវិស័យទេសចរណ៍ ត្រូវបានអាជ្ញាធរខេត្តបង្កើតច្រើននាពេលចុងក្រោយនេះ។

សូមបញ្ជាក់ថា រូបសំណាកបាតដៃសុភមង្គលមានកម្ពស់ ១២ម៉ែត្រ មានកាំជណ្តើរ៥៤កាំ អមដោយបង្កាន់ដៃសម្រាប់តោងឡើង និងចុះ ហើយនៅលើប្រអប់ដៃ មានបរិវេណរាងជារង្វង់ សម្រាប់ឲ្យទេសចរផ្តិតយករូបភាព និងឈរគយគន់ទេសភាពភ្នំ ដងព្រែក ថ្ងៃលិច និងទិដ្ឋភាពភ្លើងព័ណ៍នាពេលរាត្រីផងដែរ។ ជាងនេះទៅទៀត ទេសចរឈរលើរូបសំណាកបាតដៃ អាចមើលឃើញ នាឡិការយក្ស ទឹករាំតាមចង្វាក់ភ្លេង និងរូបសំណាកត្រីសេះសមុទ្របាញ់ទឹកផងដែរ៕ អត្ថបទ៖ អន សារឹម

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia