Connect with us

ព័ត៌មាន

ក្រសួងមុខងារសាធារណៈ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «តួនាទី និងភារកិច្ចរបស់អនុរក្ស»

នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាល ស្តីពី «តួនាទី និងភារកិច្ចរបស់អនុរក្ស» សម្រាប់ការត្រៀមខ្លួនបំពេញការងារ ក្នុងការប្រឡងជ្រើសរើសគ្រូកិច្ចព្រមព្រៀងការងារកម្រិតបឋមសិក្សា នាពេលខាងមុខ។ វគ្គបណ្តុះបណ្តាលនេះ មានសមាសភាពចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សរុបប្រមាណ ១,២០០ នាក់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យសិក្ខាកាមទាំងអស់បានស្វែងយល់កាន់តែច្បាស់អំពីតួនាទី ភារកិច្ច ព្រមទាំងពង្រឹងសមត្ថភាព ការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈរបស់អនុរក្ស ក្នុងការចូលរួមសម្របសម្រួល និងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់កម្រិតបឋមសិក្សា ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃតួនាទីរបស់អនុរក្ស ដែលជាតួអង្គគន្លឹះមិនអាចខ្វះបាន ក្នុងការធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងភាពសុក្រឹតពេញលេញ នៅក្នុងមណ្ឌលប្រឡងទាំងមូល។ ឯកឧត្តម ក៏បានដាស់តឿនឱ្យអនុរក្សគ្រប់រូបត្រូវយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តការងារឱ្យបានត្រឹមត្រូវតាមទម្រង់ណែនាំ ដើម្បីចៀសវាងនូវរាល់បាតុភាពអសកម្មនានា និង ដើម្បីធានាបាននូវការយល់ដឹងឯកភាពគ្នាមួយដ៏ធ្លុងមួយ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល និងប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» សម្រាប់បេក្ខជនទាំងអស់គ្នា៕

អត្ថបទ.គឹមហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia