Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ មកទល់ពេលនេះជនភៀសសឹកកម្ពុជា​ប្រមាណ ​២ម៉ឺននាក់ទៀត​មិនទាន់​អាច​ទៅ​ផ្ទះ​វិញ​បាន​ដោយសារការរារាំងពីកងកម្លាំងថៃ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែង​បញ្ជាក់​តាមរយៈ​សន្និសីទ​សារ​ព័ត៌មាន​​​នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះថា រហូតមកទល់ពេលនេះ នៅសល់ជ​ន​ភៀស​សឹក​ប្រមាណ​ជា ២ម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារ​ការ​រារាំង​ពីកងកម្លាំងថៃ តាមរយៈការ ដាក់ពង្រាយបន្លាលួស ទូរកុង តឺន័រ និងការ​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួកគេ។

ឯកឧត្តម ប៉ែន បូណា បានថ្លែង​ថា រាជរដ្ឋាភិបាលកម្ពុជា កំពុង​ធ្វើ​ការងារ​ការ​ទូត​យ៉ាង​សកម្ម​ដើម្បី​ទាមទារ ដីដែលកងកម្លាំងថៃដណ្តើម​កាន់​កាប់​ដោយ​ខុស​ច្បាប់​ម​ក​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​វិញ​ដោយ​សន្តិវិធី​ ដូចអ្នករាយ​ការណ៍ពិសេស​អង្គការ​សហ​ប្រជាជាតិទ​ទួល​បន្ទុក​សិទ្ធិ​មនុ​ស្ស​ប្រចាំ​កម្ពុជា​អះអាង​ថា ក្រោមច្បាប់អន្តរជាតិ​ពលរដ្ឋភៀសសឹក​មាន​សិទ្ធិ​វិល​ត្រឡប់​ទៅផ្ទះ​សម្បែង​របស់​ពួក​គេវិញ​នៅ​ពេលជម្លោះប្រដាប់អាវុធបានបិទបញ្ចប់។

ឯកឧត្តមអ្នកនាំពាក្យបានរំឭកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​អាទិត្យ ​ទី២៥ ខែតុលា ឆ្នាំ២០២៦ បានឆ្លៀតចុះ​ពិនិត្យ​មើល​ស្ថានភាព​នៃ​គម្រោង​សម្រាប់​ប្រជាជន​ភៀស​សឹក និងគម្រោងផ្តល់ដីនិងផ្ទះសម្រាប់គ្រួសារក្រីក្រក្រោមគម្រោង LASED III នៅ​ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋដែលបានទទួលផលពីគម្រោងនេះ សរុបមាន​ចំនួន ​១.០៧៧ គ្រួសារ ក្នុងនោះមានគ្រួសារជនភៀសសឹកចំនួន ៨៨២ គ្រួសារ គ្រួសារ​ក្រីក្រ​គម្រោង ​LASED III ចំនួន ១៩៥ គ្រួសារ និងគ្រួសារកងកម្លាំងចំនួន ១៦៣ គ្រួសារ ស្មើនឹង​ចំនួន​មនុ​ស្សជាង​៤.២០០ នាក់ ក្នុងនោះមានកុមារជាង ១.៣០០ នាក់។

ឯកឧត្តមបានបន្តថា ជនភៀសសឹកត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជម្រក សេវាទឹកស្អាត អគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ព្រមទាំងកញ្ចប់ថវិកាឧបត្ថម្ភប្រចាំខែ (ទាំងសម្រាប់គ្រួសារ និង​សមាជិក​គ្រួសារ)។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ទំនុក​បម្រុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ តាមរយៈការជួយផ្នែកកសិកម្ម ដូចជារោងដាំបន្លែ មាន់ ក៏ដូចជាដំណាំ​ហូប​ផ្លែ​ជាដើម​។ ការយក​ចិត្ត​ទុក​ដាក់​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ និងផ្តល់ទីជម្រកសមរម្យជូនប្រជាពលរដ្ឋគ្រប់រូប។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ៖«សម្តេចធិបតី ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ កក់​ក្តៅ​ពីសំណាក់ប្រជាពលរដ្ឋនៅទីនោះ ជាពិសេសពលរដ្ឋភៀសសឹក ។ សម្តេចប្រមុខ​រាជ​រដ្ឋាភិបាល ​បានពន្យល់ប្រាប់ប្រជាពលរដ្ឋអំពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល​អំពី​សុវត្ថិភាព​ និងសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ តាមរយៈការមិនប្រើប្រាស់កម្លាំងយោធា ហើយ​ងាក​មក​រក​ដំណោះស្រាយតាមការទូត និងច្បាប់អន្តរជាតិវិញ ដើម្បីបញ្ចៀស សោកនាដកម្ម​មក​លើ​ប្រជា​ពលរដ្ឋ និងបានស្នើឱ្យ​ប្រជាពលរដ្ឋ​អត់ធ្មត់​រង់ចាំ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ពី​រាជ​រដ្ឋាភិបាល​ ដើម្បីទាមទារទឹកដីត្រឡប់មកវិញ និងអនុញ្ញាត​ឱ្យ​ពួក​គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​។ សម្តេចធិបតី បានប្រាប់ប្រជាពលរដ្ឋថា ទោះបីជាការដោះស្រាយតាមការទូត និងច្បាប់​អន្តរជាតិ ប្រើពេលយូរបន្តិចមែន ប៉ុន្តែ ប្រជាពលរដ្ឋមិនរងទុក្ខវេទនា ដូចការ​ច្បាំង​គ្នា​ដោយ​ប្រើ​អាវុធ​ទេ។​ ប្រជាពលរដ្ឋភៀសសឹកទាំងនោះរីករាយ និងទទួលយក​ដំណោះស្រា​យ​របស់​រាជ​រដ្ឋាភិបាល និង​បានអះអាងថា ផ្ទះបណ្តោះអាសន្នដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល មានលក្ខ​ណៈ​សមរម្យសម្រាប់ការរស់នៅជាងការស្នាក់នៅក្រោមដំបូលតង់ក្នុងជំរុំប្រមូលផ្តុំ»។

បើតាម​ឯកឧត្តម ប៉ែន បូណា មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង​ធ្វើ​ការងារ​ការ​ទូត​យ៉ាង​សកម្ម ដើម្បីទាមទារទឹកដីកម្ពុជា​មួយ​ចំនួន​ដែល​កង​កម្លាំង​ថៃ​កំពុង​កាន់​កាប់​ដោយ​ខុស​ច្បាប់​នោះ​មកវិញ តាមមធ្យោបាយសន្តិវីធី តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់ និងដោយ​ផ្អែក​លើ​អនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដើម្បីអនុ​ញ្ញាត​ឱ្យ​ពលរដ្ឋភៀសសឹកកម្ពុជា ជាង២ម៉ឺននាក់ដែលនៅសល់ អាចវិលត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​របស់​ពួកគេវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ សហគមន៍​អន្តរជាតិ​ក៏​កំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់ និងជំរុញឱ្យភាគី​ទាំង​ពីរ​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ដោយសន្តិវិធីតាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia