Connect with us

ព័ត៌មាន

អ្នកវិភាគ៖ កម្ពុជាប្រកាន់ភ្ជាប់ស្មារតីសន្តិភាពនៅទីក្រុងគូឡាឡាំពួរ​ចុះ​ហត្ថលេខា​រវាង​នាយករដ្ឋ​មន្ត្រី​កម្ពុជា និងថៃ

ភ្នំពេញ៖ អ្នកវិភាគបានលើកឡើងថា រយៈពេលមួយឆ្នាំមកនេះ កម្ពុជានៅ​តែ​គោរព​ស្មារតី​សន្តិភាព​នៅ​ទីក្រុងគូឡាឡាំពួរចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នៅថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើ​​ជា​សាក្សី និងបានឆ្លុះបញ្ចាំងពីការប្រកាន់ភ្ជាប់នៅជំហរយ៉ាង​មុតមាំ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី ទៅលើកិច្ចការព្រំដែន។

លោក ហេង ម៉េងលី អ្នកវិភាគបានថ្លែងថា រយៈពេលមួយឆ្នាំនៃសេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​សន្តិភាព​ចុះ​ហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នៅ​ទី​ក្រុង​គូឡាឡាំពួរ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជា​សាក្សី ​គឺកម្ពុជាបានប្រកាន់ភ្ជាប់នៅគោលការណ៍អន្តរជាតិ តួយ៉ាងដូចជាគោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញ​អង្គការសហប្រជាជាតិ អនុសញ្ញា សន្ធិសញ្ញា និងអនុស្សារណៈផ្សេងៗ ដែលជា​លិខិត​តូប​ករណ៍​រវាងរដ្ឋ និងរដ្ឋ។ កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥ ក៏បានឆ្លុះបញ្ចាំង​ពី​ការប្រកាន់​ភ្ជាប់​នៅ​ជំហរ​យ៉ាងមុ​ត​មាំ​ភ្ជាប់​ខ្ជួនរបស់​កម្ពុជា​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយដោយសន្តិវិធីរវាងកម្ពុជា និងថៃទៅលើកិច្ចការព្រំដែន។ ហើយកម្ពុជា​បាន​គោរព​នៅ​រាល់មាត្រាទាំងឡាយដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង។

លោកបានបន្តថា កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរក្នុ​ងរយៈ​ពេល​មួយឆ្នាំ គឺជា​នៅ​តែ​លិខិត​តូបករណ៍មួយដ៏មានសារៈសំខាន់ដើម្បី​ជំរុញឲ្យ​ភាគីថៃ​វិល​ត្រឡប់​មក​រក​កិច្ច​ការងារ​ព្រំដែន​គោក​តាម​រយៈ​យន្តការ JBC ដែលមានចែងនៅក្នុងប្រការនៃកិច្ចព្រមព្រៀង ហើយ​នឹងគោរព​នៅ​ការ​តាម​ដាន​ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានដែលមានភាគីចូលរួមទាំងអស់គ្នា។

អ្នកវិភាគរូបនេះបានបញ្ជាក់ថា “នៅក្នុងបរិការនយោបាយថ្មីៗថែម​ទៀត​សោត​ក៏យើងនៅ​តែ​រក្សា​គោល​ជំហរការគោរព និងការអនុវត្តរាល់​បទដ្ឋានទាំងឡាយទាំងអស់។ កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុ​ងគូឡា​ឡាំពួរ​ដែលបានរៀបចំឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានា​ធិបតីអាម៉េរិក និង​ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ដែលកាលនោះជាប្រធានអាស៊ាន គឺកិច្ចការ​មួយ​ដើម្បី​រក្សានៅ​សុ​ខស​ន្តិភាពតំបន់អាស៊ាន ក៏ដូចជានៅក្នុងពិភពលោកទាំងមូលផងដែរ។ ដូច្នេះ​ហើយ​ក្នុង​ស្មារតី​ស្រឡាញ់​សន្តិភាព​របស់កម្ពុជា សម្តេចធិបតីបានប្រកាស​តាម​បណ្តាញ​សង្គម​ប្រកប​ទៅ​ដោយ​គុណធម៌ និងភាពចាស់ទុំក្នុងការដឹកនាំ ដោយបានរម្លឹក និង​ថ្លែង​អំណរ​អរគុ​ណ​ដល់​ស្ថាបនិក​ទាំង​ឡាយ ជា​ពិសេសឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម និងឯកឧត្តម ដូណាល់ត្រាំ ដែលជាស្ថាប​និក​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យមានសេចក្តីថ្លែងការណ៍រួមសន្តិភាពទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦”។

សូមជម្រាបថា តាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ និង​សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និង​ខណ្ឌ​សីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬ​ការ​ប្រើ​ប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគី​ដែល​មាន​អាណត្តិ​ការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia