Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាគ្រប់សកម្មភាពខុសច្បាប់ និងជាឯកតោភាគីនៅលើទឹកដីកម្ពុជាដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់ដោយមិនរំលងសូម្បីតែសកម្មភាពណាមួយឡើយ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែង​បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន​នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាគ្រប់សកម្មភាពខុសច្បាប់និងជាឯកតោភាគី នៅលើទឹកដីកម្ពុជាដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់ដោយមិនរំលងសូម្បីតែសកម្មភាពណាមួយឡើយ។

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជូនជនរួមជាតិជ្រាបម្តងទៀតថា ការតវ៉ាជាផ្លូវការនេះមានសារសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជា ចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះគឺជាឯកសារ ដែលមានតម្លៃគតិយុត្តិ មិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យ ស្ថិតនៅជាធរ មានរហូតទាល់តែបញ្ហាព្រំដែនត្រូវបានដោះស្រាយបញ្ហាទាំងស្រុង និងដោយយុត្តិធម៌ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃ ហើយប្តេជ្ញា ការពារយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតនូវខ្សែព្រំដែនអន្តរជាតិរបស់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ និងបញ្ឈប់រាល់សកម្មភាពជាឯកតោភាគី ហើយងាកមកដោះស្រាយបញ្ហាព្រំដែនតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេស តាមរយៈយន្តការ JBC ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងចំណូចទី៣ នៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំង ប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia