Connect with us

ព័ត៌មាន

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការ នៅស្រុកមេមត់ និងស្រុកពញ្ញាក្រែក

នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បានអញ្ជើញចុះជួបសំណេះសំណាល ផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅស្រុកមេមត់ និងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីសំណេះសំណាលនេះ មានអ្នកចូលរួមសរុបចំនួន ៥៦៦នាក់ រួមមាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២, ឯកឧត្តមប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា, ថ្នាក់ដឹកនាំ ទីប្រឹក្សាខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា, ឯកឧត្តមស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងអាជ្ញាធរមូលដ្ឋាន នៅក្នុងស្រុកមេមត់ និងស្រុកពញ្ញាក្រែក។

ពិធីសំណេះសំណាលនេះមានគោលបំណងដើម្បីផ្សារភ្ជាប់ និងពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅមូលដ្ឋាន។ ក្នុងឱកាសនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏នឹងចូលរួមដោះស្រាយផ្ទាល់ នឹងនាំយកយោបល់ សំណូមពរ និងបញ្ហាប្រឈមនានារបស់អាជ្ញាធរមូលដ្ឋាន ដើម្បីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។

ជាមួយគ្នានេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រួមមាន ការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការជំរុញប្រជាពលរដ្ឋទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia