ព័ត៌មាន
រយៈពេល៩ខែឆ្នាំនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៥ម៉ឺននាក់ពាក់ព័ន្ធនឹង Online Scams និងបទល្មើសផ្សេងៗចេញពីកម្ពុជា
ភ្នំពេញ៖ ជនបរទេសជាង ៥ម៉ឺននាក់ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញពីកម្ពុជា នៅក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៦នេះ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបជនបរទេសដែលប្រព្រឹត្តល្មើសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានឃាត់ខ្លួន និងរៀបចំតាមនីតិវិធីបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ៣.១០៤លើក មនុស្សចំនួន ៥២.០៣៩នាក់ មកពី ៨៧សញ្ជាតិ។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ កើនឡើងចំនួន ៤១.៦៨៥នាក់ ស្មើនឹង ៤០២,៥៩ភាគរយ។
របាយការណ៍បានឱ្យដឹងថា ក្នុងចំណោមជនបរទេសទាំងនោះ រួមមាន ជនជាតិចិនចំនួន ២២.៩២៦នាក់ ឥណ្ឌូនេស៊ី ៨.១៦៦នាក់ វៀតណាម ៤.០៩៦នាក់ បង់ក្លាដែស ៣.០៥១នាក់ ប៉ាគីស្ថាន ២.៥២២នាក់ មីយ៉ាន់ម៉ា ១.៩៥២នាក់ ថៃ ១.៥៤៦នាក់ ឥណ្ឌា ១.៣៦០នាក់ យូហ្គង់ដា ១.១១១នាក់ ហ្វីលីពីន ៩៤៥នាក់ នេប៉ាល់ ៧៣៦នាក់ នីហ្សេរីយ៉ា ៦១៩នាក់ ចិនតៃវ៉ាន់ ៥២០នាក់ កេនយ៉ា ៣៦១នាក់ ម៉ាឡេស៊ី ៣៥៩នាក់ ហ្គាណា ៣៤៨នាក់ កូរ៉េខាងត្បូង ៣១០នាក់ កាមេរូន ១៧១នាក់ ស្រីលង្កា ១៥៣នាក់ ជប៉ុន ១០២នាក់ រ៉វ៉ាន់ដា ៩៦នាក់ ឡាវ ៦៦នាក់ និងអេត្យូពី ៦១នាក់។
ក្រៅពីនេះ រួមមាន ប្រទេសសេរ៉ាឡេអូន ៦០នាក់ លីបេរីយ៉ា ៥០នាក់ តូហ្គោ ៤២នាក់ ហ្ស៊ីមបាវេ ២៦នាក់ ប្រេស៊ីល ២៥នាក់ ប៊ូរុនឌី ២៥នាក់ អាហ្វ្រិកខាងត្បូង ២២នាក់ រុស្ស៊ី ១៨នាក់ ទួកគី ១៤នាក់ អាមេរិក ១២នាក់ អង់គ្លេស ១២នាក់ និង (៥៣សញ្ជាតិទៀត មានពី១ ដល់ ១០នាក់)។ ក្នុងចំណោមនោះ អគ្គនាយកដ្ឋានក៏ទទួលបានកិច្ចសហការយ៉ាងល្អពីតំណាងស្ថានទូតនានា ក្នុងដំណើរការបណ្តេញពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសវិញផងដែរ។
ក្នុងចំណោមជនបរទេសប្រព្រឹត្តបទល្មើស ដែលត្រូវបានបណ្តេញចេញជាង ៥ម៉ឺននាក់នោះ មានពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន ១៨.៣៨៩នាក់ មកពី ៣៨សញ្ជាតិ។ ដោយឡែក បើគិតចាប់ពីឆ្នាំ២០១៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញចេញជនបរទេសខុសច្បាប់សរុបចំនួន ១០០.៨០៦នាក់ មកពី ១១៣សញ្ជាតិ។
បើតាមរបាយការណ៍ដដែល ក្នុងរយៈពេល ៩ខែនេះ មានជនបរទេសចេញពីពន្ធនាគារក្រោយអនុវត្តទោសចប់ ចំនួន ២៨៦នាក់ (ស្រី ៤៣នាក់) មកពី ២១សញ្ជាតិ រួមមាន ជនជាតិចិន ១៤០នាក់ វៀតណាម ៨៩នាក់ ចិនតៃវ៉ាន់ ១៣នាក់ ម៉ាឡេស៊ី ៤នាក់ កូរ៉េខាងត្បូង ៤នាក់ ឥណ្ឌូនេស៊ី ៥នាក់ រុស្ស៊ី ៥នាក់ ឥណ្ឌា ៤នាក់ នេប៉ាល់ ៤នាក់ អង់គ្លេស ៣នាក់ ហ្វីលីពីន ២នាក់ អាល្លឺម៉ង់ ២នាក់ នីហ្សេរីយ៉ា ២នាក់ កាមេរូន ២នាក់ អៀរឡង់ ១នាក់ បែលហ្សិក ១នាក់ ញូស៍ឡេន ១នាក់ ស្រីលង្កា ១នាក់ ស៊ុយអែត ១នាក់ ថៃ ១នាក់ និងអ៊ុយក្រែន ១នាក់៕ អត្ថបទ៖ វង្ស សុភាព










-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ