Connect with us

ព័ត៌មាន

ពលរដ្ឋបន្តទៅចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាព​បញ្ជី​ឈ្មោះបោះឆ្នោត​បំពេញ​កាតព្វកិច្ច​ជា​ម្ចាស់​ជោគ​វាសនា​ជាតិ

ភ្នំពេញ៖ ពលរដ្ឋបន្តនាំគ្នាទៅធ្វើជីវមាត្រ ដើម្បីផ្ទៀងផ្ទាត់ទន្និន័យបញ្ជីឈ្មោះឲ្យបានត្រឹមត្រូវ បម្រើ​ឲ្យ​ការ​បោះឆ្នោតនៅពេលខាងមុខ ។

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃទី២០ហើយ នៃដំណើរការចុះឈ្មោះ ពិនិត្យ​បញ្ជី​ឈ្មោះ ​និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៦ នៅសាលា​សង្កាត់​ចាក់​អង្រែ​ក្រោម ​នៃរដ្ឋបាលខណ្ឌមានជ័យ មានបងប្អូនប្រជាពលរដ្ឋបាន​បន្តនាំគ្នា​ទៅ​ធ្វើ​ជីវមាត្រ​ឡើង​វិញ ​ដើម្បីផ្ទៀងផ្ទាត់ទន្និន័យរបស់ខ្លួនឲ្យបានត្រឹមត្រូវត្រៀមសម្រាប់ការចូលរួមបោះឆ្នោត នៅ​ឆ្នាំ​២០២៧ និង២០២៨ខាងមុខ ។

លោកជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម នៃរដ្ឋបាលខណ្ឌមានជ័យ ឲ្យដឹងថា ក្នុង​សង្កាត់​របស់​លោក​មាន​ប្រជាជនដែលត្រូវធ្វើជីវមាត្រ ប្រមាណ៦ពាន់នាក់ ក៏ប៉ុន្តែគិតត្រឹមថ្ងៃទី២៧នេះ ចំនួន​ពលរដ្ឋ​ជាក់​ស្តែងដែលបានមកធ្វើទើបតែបានជាង៤០០នាក់ប៉ុណ្ណោះ ដែលគិតជាអត្រាភាគរយ គឺ​នៅ​មាន​កម្រិតទាប ។ ដូច្នោះហើយ រដ្ឋបាលសង្កាត់ បានដាក់ចេញផែនការជាច្រើនបន្តបន្ទាប់ ដើម្បី​ផ្សព្វ​ផ្សាយឲ្យកាន់តែទូលាយ សំដៅជម្រុញដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បាន​ចុះ​ឈ្មោះ​នៅ​​ឆ្នាំ២០១៦ ឬឆ្នាំ២០១៧ រុះរាន់ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ ឲ្យបានគ្រប់ៗគ្នា ។

បច្ចុប្បន្ននេះ លោកបានជម្រុញទៅដល់មេភូមិទាំង០៨ ក្នុង​សង្កាត់​ឲ្យ​យក​លិខិត​អញ្ជើញ​ថ្មី​បន្ថែម​ទៀត ​ដែលទទួលបានការអនុញ្ញាតពី គ.ជ.ប ទៅជូនពលរដ្ឋដែលត្រូវធ្វើជីវមាត្រ ទៅដល់​ខ្នង​ផ្ទះ​របស់​គាត់​តែ​ម្តង និងបន្តផ្សព្វផ្សាយតាមរយៈការចាក់ឃោសនៈស័ព្ទ ក៏ដូចជាការជំរឿយ​ឲ្យ​បាន​ញឹក​ញយ​ដល់ពួកគាត់ជាដើម ព្រោះការធ្វើជីវមាត្រ គឺសំដៅដល់ការថតរូបថ្មី និងស្គេន​ក្រយ៉ៅ​ដៃ​ថ្មី​ ព្រោះរយៈពេល១០ឆ្នាំម្តង ពលរដ្ឋម្នាក់ៗអាចនឹងមានការប្រែប្រួលរូបរាង ពណ៌សម្បុរ និង​ក្រយ៉ៅ​ដៃ​ជាដើម។

លោកចៅសង្កាត់បន្ថែមថា សម្រាប់អត្រាអ្នកគ្រប់អាយុ១៨ឆ្នាំត្រូវចុះឈ្មោះថ្មី និង​អ្នក​ទើប​ផ្លាស់​ចូល​មក​ក្នុង​មូលដ្ឋាន មានប្រមាណជាង៥០០នាក់ ហើយបច្ចុប្បន្ននេះមានជាង៣០០នាក់ហើយ ដែល​បាន​អញ្ចើញមកចុះឈ្មោះថ្មី ដែលស្មើនឹង៧១ភាគរយ នៃចំនួនពលរដ្ឋសរុប។

ពលរដ្ឋ​ដែល​បានទៅធ្វើជីវមាត្រ ក៏សម្តែងនូវក្តីពេញចិត្តចំពោះការបម្រើនីតិវិធីបានលឿនរហ័ស ពី​សំណាក់​ក្រុម​ការងារ និងចាត់ទុកថា ការចូលរួមបោះឆ្នោត គឺជាកាតព្វកិច្ច ដែលមិនអាច​ជៀស​បាន​ហើយជោគវាសនារបស់ជាតិ ក៏ឋិតលើសន្លឹកឆ្នោតរបស់ពួកគាត់ម្នាក់ៗផងដែរ ។

គួរជម្រាបថា ការចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះ និង​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​២០២៦ ​នឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ពោលនៅ​សល់​រយៈ​ពេល ​៣៥ថ្ងៃទៀតប៉ុណ្ណោះ ៕ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia