Connect with us

ព័ត៌មាន

ឯកឧត្តម វង សូត ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ពិនិត្យសេចក្តីព្រាងចុងក្រោយនៃប្លង់មេ ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងរបប ប៉ុល ពត នៅតំបន់ព្រៃតាទក

វិមាន៧មករា៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងជាប្រធានគណៈកម្មការចងក្រងឯកសារ និងសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងរបប ប៉ុល ពត ភូមិភាគបូព៌ា តំបន់ព្រៃតាទក នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មការនេះ ដើម្បីពិនិត្យលើសេចក្តីព្រាងចុងក្រោយនៃប្លង់មេ (Master Plan) ក្រោយពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចក្រឡាហោម ស ខេង ដែលជាអាណាព្យាបាលរបស់គណៈកម្មការ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការស្រាវជ្រាវ និងចងក្រងឯកសារប្រវត្តិសាស្ត្រ ព្រមទាំងឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូប និងហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានផ្តល់អនុសាសន៍ណែនាំដល់អនុគណៈកម្មការសាងសង់ស្តូប និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងក្រុមការងារស្ថាបត្យករ ឱ្យខិតខំបញ្ចប់ការរៀបចំគម្រោងប្លង់មេនេះឱ្យបានឆាប់រហ័ស និងជាស្ថាពរ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំដល់អនុគណៈកម្មការពាក់ព័ន្ធផ្សេងទៀត ដែលទទួលបន្ទុកការងារឯកសារប្រវត្តិសាស្ត្រ បរិស្ថាន និងវប្បធម៌ ឱ្យបន្តសហការគ្នាយ៉ាងជិតស្និទ្ធ និងជាប់លាប់ ដើម្បីអនុវត្តតួនាទី និងភារកិច្ចដែលបានប្រគល់ជូនប្រកបដោយការទទួលខុសត្រូវ ធានាឱ្យការអនុវត្តគម្រោងនេះសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia