Connect with us

ព័ត៌មាន

ករណីគ្រឿងញៀនខុសច្បាប់ជិត ១តោន ៖ ចោទប្រកាន់ជនសង្ស័យចំនួន ១២នាក់

ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តកោះកុង បានទទួល និងចាត់ការសំណុំរឿងពាក់ព័ន្ធនឹងបទល្មើស រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងបានចុះសំណុំរឿង ព្រហ្មទណ្ឌលេខ ៣៦៦ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងខេត្តកោះកុង។ ក្នុងសំណុំរឿងនេះដែរ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជនជាតិឡាវចំនួន ១នាក់ និងជនជាតិ ខ្មែរចំនួន ៧នាក់ ស្រី១នាក់ ព្រមទាំងដកហូតបានគ្រឿងញៀនចំនួន ៣៩បាវ ក្នុងនោះមានចំនួន ៩៨២ដុំ ទម្ងន់៩៧៨គីឡូ និង៨៦៥,៣៦ក្រាម និងថ្នាំគ្រាប់ពណ៌ទឹកក្រូច WY ទម្ងន់១៥,១៩ក្រាម សរុបទាំងអស់ទម្ងន់ ៩៧៨គីឡូ និង៨៨០,៥៥ក្រាម។

អ្នកនាំពាក្យបានបន្តថា ក្រោយពីបានធ្វើការសាកសួរជនសង្ស័យ ពិនិត្យភស្តុតាង និងសំណុំរឿងរួច តំណាងអយ្យការ សម្រេចចោទប្រកាន់ជនសង្ស័យទាំង១២នាក់ និងបក្ខពួក (ឃាត់ខ្លួនបានចំនួន ៨នាក់) ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទសមគំនិតក្នុងអំពើរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខេត្តកោះកុង កាលពីអំឡុងខែ សីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ជាបទល្មើសដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ កថាខណ្ឌទី១, ទី២, ទី៣ និងទី៧ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន រួចបញ្ជូនសំណុំរឿង និងជនសង្ស័យខាងលើ ទៅចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកោះកុង តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣២០ អ.យ/២៦ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia