Connect with us

ព័ត៌មាន

ក្រសួងទេសចរណ៍ ជំរុញកាត់បន្ថយគម្លាត​បណ្តុះបណ្តាលជំនាញ និង​ការ​ផ្តល់​ឱកាស​ការងារ​ជូន​យុវជន

ក្រសួងទេសចរណ៍ ដៃគូម្ចាស់ជំនួយ​ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ អាជីវកម្ម​ទេសចរណ៍ និងដៃគូ​នានាទៀត បានសហការជំរុញកាត់បន្ថយគម្លាត ការ​បណ្តុះ​បណ្តាល​ជំនាញ​ទេសចរណ៍​ជូនយុ​វជន និងតម្រូវការរបស់អាជីវកម្មទេសចរណ៍ និងការផ្តល់ឱកាស​ការងារ​ជូន​យុវជន​។

នៅក្នុង​ពិភាក្សាពង្រឹងកិច្ចសហការសម្រាប់កម្លាំងពលកម្មជំនាញ និងសមត្ថភាព​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ទេសចរណ៍ ថ្ងៃទី២៧ ខែតុលានេះ ក្រុមអ្នកជំនាញមកពីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីៈ ​និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បានលើកឡើងថា គ្រប់ក្រុម​ហ៊ុន​អាជីវកម្ម​ដែល​មាន​ត្រូវ​ការ​កម្លាំងពលកម្ម និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជនជាដើម គួរ​ត្រូវ​ពង្រឹង​អភិបាល​កិច្ច​សហការ បង្កើនការទំនាក់ទំនង ពិភាក្សាកាត់បន្ថយគន្លាត និងដោះស្រាយ​អំពី​តម្រូវ​ការ​នានា​របស់អាជីវកម្ម ការពង្រីកសមត្ថភាពបណ្តុះបណ្តាលជំនាញ និងការផ្តល់​ឱកាស​ការ​ងារ​របស់​យុវជន​ជាដើម ដើម្បីធនាថា អាជីវកម្មទទួល​បាន​ធន​ធាន​មនុស្ស​មាន​សមត្ថភាព​ជំនាញ​ការងារ​ខ្លាំង​ និងជំរុញអាជីវកម្មមានភាពរីកចម្រើន ផ្តល់សេវាកម្មមានគុណភាពខ្ពស់។

នៅក្នុងឱកាសប្រារព្វពិធីបិទ ទិវាជំនាញហូកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បានណែនាំឲ្យគណៈកម្មការគ្រប់គ្រងគម្រោងហូកា អង្គការដៃគូម្ចាស់ជំនួយ មន្ទីរ​ទេសចរណ៍​តាមខេត្តគោលដៅ និងភាគីពាក់ព័ន្ធទាំងអស់បន្តពង្រឹងស្មារតីម្ចាស់ការ នវានុវត្តន៍ និង​កិច្ច​សហការ ដើម្បីពង្រីកវិសាលភាពនៃការបណ្តុះបណ្តាល ឱ្យកាន់​តែ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ និងបង្កើតឱកាសអាជីពកាន់តែប្រសើរសម្រាប់យុវជន និងអ្នក​ប្រកប​វិជ្ជាជីវៈ​ទេសចរណ៍​។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ ត្រីមាសទី៣ ឆ្នាំ២០២៦, គម្រោង​ហូកា ​បានបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព យុវជនក្រីក្រ និងងាយរងគ្រោះ អ្នកជំនាញ​កម្រិត​ទាប​ ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងក្នុងវិស័យបដិសណ្ឋារកិច្ច សរុប ១០.៤៨៨នាក់ និង​បានពង្រីកវិសាលភាពរហូតដល់ ១៦ ខេត្តគោលដៅ។

ព្រម​ជា​មួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ក៏បាន លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្ត​ពង្រឹង​កិច្ចសហការរវាងរាជរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និង​អ្នក​ជំនាញ​ក្នុងឧស្សាហកម្ម ដើម្បីធានាថា ការអភិវឌ្ឍ​ជំនាញ​ត្រូវ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ និងអាចបង្កើតឱកាសការងារ និងការរីក​ចម្រើន​ក្នុង​អាជីព​សម្រាប់​អ្នក​ប្រកប​វិជ្ជាជីវៈ​ទេសចរណ៍​៕ ​អត្ថបទ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia