Connect with us

ព័ត៌មាន

CMAC និងAPOPO ចុះហត្ថលេខាលើគម្រោង «ការគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»

ភ្នំពេញ៖នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ នៅទីបញ្ជាការកណ្តាល CMAC រាជធានីភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់ ឬ CMAC) និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នារវាងអង្គភាព CMAC និងអង្គការ APOPO ក្រោមគម្រោង «ការគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»។

គម្រោងនេះមានរយៈពេលអនុវត្ត ១៨ខែ ចាប់ពីខែតុលា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៨ ដោយមានថវិកាគាំទ្រគម្រោងសរុបចំនួន១.៦០០.០០០ អឺរ៉ូ ស្មើនឹងចំនួនប្រមាណ១.៨០០.០០០ ដុល្លារអាម៉េរិក ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប(EU)។

សូមជម្រាបថា អង្គការAPOPO គឺជាដៃគូអន្តរជាតិដ៏សំខាន់មួយរបស់អង្គភាពCMAC ក្នុងការងារបោសសម្អាមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ចាប់តាំងពីឆ្នាំ២០១៤មក។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរបានរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះផ្ទៃដីពីការគំរាមកំហែងដោយសំណល់យុទ្ធភណ្ឌផ្ទុះ ជាពិសេសតំបន់គ្រាប់បែកចង្កោមរបស់ថៃឈ្លានពានក្នុងសង្គ្រាមឆ្នាំ២០២៥ ដែលបានបាញ់ផ្លោងមកលើលំនៅដ្ឋាននិងស្រែចម្ការរបស់ប្រជាជន ព្រមទាំងពង្រឹងសមត្ថភាពបច្ចេកទេស និងប្រតិបត្តិការបោសសម្អាតមីន រួមទាំងការប្រើប្រាស់សុនខ និងកណ្តុរហិតមីនក្នុងប្រតិបត្តិការមនុស្សធម៌។ ការអនុវត្តគម្រោងនឹងរួមចំណែកដល់ការស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គម នៅតាមតំបន់រងផលប៉ះពាល់ ពង្រឹងសុវត្ថិភាពសហគមន៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចខិតខំប្រឹងប្រែងនេះក៏បង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC ដៃគូអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមដែលបន្តគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

តាមរយៈគម្រោងនេះ អង្គភាពCMAC និងអង្គការAPOPO ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដោយប្រើប្រាស់ជំនាញ បទពិសោធន៍ និងសមត្ថភាពបច្ចេកទេស ដើម្បីពន្លឿនការស្រាវជ្រាវ និងបោសសម្អាតសំណល់យុទ្ធភណ្ឌប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ នេះជាការរួមចំណែកដ៏មានអត្ថន័យក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ ការស្តារសហគមន៍ និងការលើកកម្ពស់សន្តិសុខមនុស្សនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia