ព័ត៌មាន
ផ្សារមូលបត្រកម្ពុជារំពឹងប្រមូលសាច់ប្រាក់កើនដល់ ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ ដើម្បីជួយគាំទ្រ MSMEs
នៅក្នុងវេទិកាជាតិថ្នាក់ជាតិស្តីពីការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ភាគីពាក់ព័ន្ធទាំងវិស័យសាធារណៈ និងឯកជន បានរួមគ្នាស្វែងរកដំណោះស្រាយចម្រុះប្រភពទុន តាមរយៈវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីជួយសង្គ្រោះអាជីវកម្មខ្នាតតូចឱ្យរួចផុតពីឧបសគ្គបំណុល និងការខ្វះខាតសាច់ប្រាក់បង្វិល។

នៅក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ៖ លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) តាមរយៈវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានមានប្រសាសន៍ថា វិស័យហិរញ្ញវត្ថុមិនមែនធនាគារបានដំណើរការមួយអាណត្តិរយៈពេល ៥ឆ្នាំហើយ និងមានការកើនឡើងជាប្រចាំ។ ឯកឧត្តមបានគូសបញ្ជាក់ថា ផ្សារមូលបត្រកម្ពុជានឹងមានកំណើនប្រមូលសាច់ប្រាក់រហូតដល់ចុងឆ្នាំ២០២៦នេះ ក្នុងតួលេខរំពឹងទុកកើនដល់ ១ពាន់លានដុល្លារ ដែលជាច្រកហិរញ្ញប្បទានដ៏សំខាន់សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការរកទុនពីអ្នកវិនិយោគដោយមិនចាំបាច់មានទ្រព្យធានា។
ទោះជាយ៉ាងណា ដើម្បីទទួលបាន «ភាពទុកចិត្ត» ពីអ្នកវិនិយោគ និងអាចទាញយកប្រភពទុនទាំងនេះបាន សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបំពេញលក្ខខណ្ឌសំខាន់ៗចំនួន៣ រួមមាន៖ ១.មានគតិយុទ្ធតាមច្បាប់ត្រឹមត្រូវ ២.មានសក្តានុពលធុរកិច្ច និង៣.មានតម្លាភាពហិរញ្ញវត្ថុដោយមានរបាយការណ៍ច្បាស់លាស់។ បន្ថែមលើនេះ MSMEs ក៏អាចជ្រើសរើសការទិញធានារ៉ាប់រងលើអាជីវកម្ម ដើម្បីជួយបំពេញបន្ថែមនូវជំនឿទុកចិត្ត ធ្វើឱ្យអ្នកដាក់សាច់ប្រាក់កាន់តែមានភាពជឿជាក់ក្នុងការទម្លាក់ទុនជួយអភិវឌ្ឍអាជីវកម្មផងដែរ។
នៅក្រោយកិច្ចពិភាក្សានេះ តំណាងមកពីវិស័យឯកជន និងអ្នកចូលរួមផ្ទាល់ បានសម្តែងនូវក្តីសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំកម្មវិធីនេះឡើង។ ពួកគាត់បានបង្ហាញការរំពឹងទុកខ្ពស់ថា តាមរយៈការយកចិត្តទុកដាក់ និងការបើកផ្លូវពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាការទទួលបានចំណេះដឹងថ្មីៗពីកិច្ចពិភាក្សានេះ នឹងក្លាយជាកាលានុវត្តភាពដ៏សំខាន់ ជួយឱ្យការស្តារ និងពង្រីកលទ្ធភាពអាជីវកម្មរបស់ពួកគាត់កាន់តែមានភាពល្អប្រសើរ និងរីកចម្រើនថែមទៀតនៅថ្ងៃខាងមុខ។
សូមបញ្ជាក់ថា វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើកទី១» ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs»។ ព្រឹត្តិការណ៍ដ៏នេះ បានប្រព្រឹត្តទៅក្រោមកិច្ចសហការរៀបចំដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្នុងគោលបំណងដើម្បីលើកកម្ពស់ចំណេះដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់បណ្តាញរវាងភាគីពាក់ព័ន្ធជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា