Connect with us

ព័ត៌មាន

គម្រោងវិនិយោគចំនួន ៥១១ គម្រោង​មានទុនប្រមាណ ៨,៥ ពាន់លានដុល្លារទទួលបានការលើកទឹកចិត្ត និងសម្រួលនីតិវិធីវិនិយោគនៅកម្ពុជា

ភ្នំពេញ៖គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុសម្រេចផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធីដល់គម្រោងចំនួន ៥១១ មានទុវិនិយោគ ៨,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២៤ រហូតដល់ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និងសម្រួលនីតិវិធីដល់គម្រោងវិនិយោគសរុបចំនួន ៥១១ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានប្រមាណ ៨,៥ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង។

ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់ទៀតថា ក្នុងចំណោមគម្រោងទាំងនេះ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ២១៨ គម្រោង ,គម្រោងថ្មីចំនួន ២៥២ គម្រោង, គម្រោងពង្រីកចំនួន ២៦ គម្រោង, និងគម្រោងមានស្រាប់ចំនួន ១៥ គម្រោង។

ឯកឧត្តបានលើកឡើងដូចនេះ ត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារ លើកទី ២៨ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ចចំនួន ១៤ មានទុនវិនិយោគជាង ២៣៧ លានដុល្លារអាម៉េរិក និង អាចបង្កើតឱកាសការងារប្រមាណ ២ ៧០០កន្លែង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និង អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ដោយប្រសិទ្ធភាព និង តម្លាភាព ដើម្បីជំរុញការវិនិយោគ និង លើកកម្ពស់ការអភិវឌ្ឍ ក្នុងខេត្តព្រះសីហនុ តាមរយ: ការរួមគ្នាដោះស្រាយបញ្ហាជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និង ការលើកស្ទួយស្មារតី “ឧត្តមនិយម” នៃផលប្រយោជន៍រួមជាចម្បង។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បន្តលើកទឹកចិត្តដល់ធុរជន និង វិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬស្នើមកកាន់ក្រុមការងារ ដោយឥតគិតថ្លៃ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស ការសម្របសម្រួល និង ការសម្រួលនីតិវិធី នៅការិយាល័យក្រុងព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិ ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និង ការិយាល័យ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia