Connect with us

ព័ត៌មាន

កម្ពុជា-ព្រីតថេន ពង្រឹងភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយលោក Peter Rajadiston អគ្គទីប្រឹក្សា​ព្រីត​ថេន​ ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ប្រចាំអាស៊ាន ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុង​ជំនួប​នោះ តាងនាម​ឱ្យ​ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី​ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនព្រីតថេន​ ដែលបានផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីនកម្ពុជា អស់រយៈពេលជាងបីទសវត្សរ៍។ ឯកឧត្តម​ លី ធុជ ក៏​បាន​វាយតម្លៃខ្ពស់​ចំពោះការ​រួម​ចំណែក​របស់ព្រីតថេន​សម្រាប់​សកម្ម​ភាព​មីន​សាកល​ ក្នុង​ក្របខណ្ឌ​អនុសញ្ញាអូតាវ៉ា​។ ជាពិសេស ការគាំទ្រដល់កម្ពុជាក្នុងការធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំ​ត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កម្ពុជាសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.៥០០ គីឡូម៉ែត្រការ៉េ បំផ្លាញមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤ លានគ្រាប់ និងកាត់បន្ថយចំនួនជនរងគ្រោះប្រចាំឆ្នាំយ៉ាងច្រើន ដែល​សមិទ្ធផលទាំងនេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រួម​ចំណែ​ក​របស់ប្រទេស​​ព្រីតថេន​។

ពាក់ព័ន្ធនឹងសកម្មភាពមីនសាកល​ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តគាំទ្រប្រទេសដែលរងផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ តាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញ ព្រមទាំងជំរុញការអនុវត្តគោលដៅអនុសញ្ញាអូតាវ៉ា។ ទន្ទឹមនឹងនេះ កម្ពុជាត្រូវការភាពជាដៃគូរឹងមាំ និងការគាំទ្រជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ ក្នុង​កិច្ច​ខិត​ខំប្រឹងប្រែង​របស់ខ្លួន​​ ផង​ដែរ​​។

ជាការឆ្លើយតប លោក Peter Rajadiston បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងព្រីតថេន​ ដោយបញ្ជាក់ថា ព្រីត​ថេន នៅតែជាដៃគូដ៏រឹងមាំរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។ លោកក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងគាំទ្រការអនុវត្តគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia