ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ IMF អំពីបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានអនុញ្ញាតឱ្យលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ និងធ្វើការណែនាំលោក Julio Bacio Terracino ទីប្រឹក្សាតំបន់របស់ IMF ទទួលបន្ទុកការប្រឆាំងការសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទានភេរវកម្មសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។

នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោក Kenichiro Kashiwase និងលោក Julio Bacio Terracino បានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា (Online Scam), កិច្ចការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននេះ និងកិច្ចការងារប្រឆាំងការសម្អាតប្រាក់ដែលកើតចេញពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសរំលេចអំពីស្ថានភាពនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា (Online Scam) កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ព្រមទាំងសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពុំមែនមានតែនៅកម្ពុជាមួយនោះ ប៉ុន្តែក៏មាននៅក្នុងបណ្តាប្រទេសនានានៅក្នុងតំបន់ និងសកលលោកផងដែរ ហើយកម្ពុជាក៏ជាប្រទេសរងគ្រោះដោយសារឧក្រិដ្ឋកម្មនេះ។ ឧក្រិដ្ឋកម្មនេះក៏បានបំផ្លាញនូវមុខមាត់, និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ឧក្រិដ្ឋជនបានប្រើប្រាស់កម្ពុជាជាទីកន្លែងដើម្បីធ្វើការឆបោកទាំងប្រជាជនកម្ពុជា និងប្រជាជននៅតាមបណ្តាប្រទេសផ្សេងៗ។ ទន្ទឹមនេះ, ផលនៃបទល្មើសដែលឧក្រិដ្ឋជនទទួលបានពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបំប្លែងជាទម្រង់ទ្រព្យសកម្មនិម្មិត (គ្រីបតូ) ហើយភាគច្រើនលើលលប់នៃទ្រព្យនេះត្រូវបានផ្ទេរចេញពីកម្ពុជាទៅកាន់បណ្តាប្រទេសនានា។ ដូច្នេះ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួមពីគ្រប់បណ្តាប្រទេស និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តផ្តល់កិច្ចសហការជាមួយតួអង្គពាក់ព័ន្ធទាំងអស់។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការថ្លែងអំណរគុណជូនចំពោះ IMF ដែលបានផ្តល់កិច្ចគាំទ្រដល់កម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មសម្រាប់ឆ្នាំ២០១៩-២០២៣ កន្លងទៅ និងការរៀបចំច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានបញ្ចប់ការរៀបចំរបាយការណ៍ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើកទី២ (NRA II) ដែលរបាយការណ៍នេះនឹងត្រូវបច្ចុប្បន្នភាពដោយបញ្ចូលនូវការវាយតម្លៃអំពីហានិភ័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យរបាយការណ៍វាយតម្លៃហានិភ័យនេះឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនអំពីវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យរបស់កម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យ IMF បន្តជួយកម្ពុជាលើកិច្ចការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ជាពិសេសលើការស៊ើបអង្កេតហិរញ្ញវត្ថុ, ការប្រមូលមកវិញនូវទ្រព្យដែលជាផលនៃបទល្មើស និងបញ្ហាទ្រព្យសកម្មនិម្មិត។
ជាការឆ្លើយតប, លោក Kenichiro Kashiwase បានសម្តែងការថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការចែករំលែកព័ត៌មាន និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ លោក Kenichiro Kashiwase ក៏បានសម្តែងការឯកភាពផងដែរថាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួមពីដៃគូរពាក់ព័ន្ធផ្សេងៗ។ លោក Kenichiro Kashiwase ក៏បានយល់ព្រមទទួលយកសំណើរបស់កម្ពុជា ហើយក្រុមការងារនឹងបន្តពិភាក្សាគ្នាបន្ថែមលើផ្នែកបច្ចេកទេស។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក Kenichiro Kashiwase បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តបន្តទំនាក់ទំនងយ៉ាងជិតស្និត និងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និង IMF៕ អត្ថបទ៖ វង្ស សុភាព





-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា