Connect with us

ព័ត៌មាន

ក្រសួងការពារជាតិត្រៀមលក្ខណៈរួចរាល់សម្រាប់ការហ្វឹកហ្វឺនបេក្ខជនចូល​បំពេញ​កាតព្វកិច្ចយោធា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានបញ្ជាក់ថា ក្រសួង​ការ​ពារ​ជាតិ​បាន​ត្រៀម​លក្ខណៈរួចរាល់អស់ហើយសម្រាប់ការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់បេក្ខជនចំនួន ១​ម៉ឺន​នាក់​ដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ។ ខណៈ​ដែល​ការ​បើកវគ្គនឹងចាប់ផ្តើមនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានថ្លែងប្រាប់ BTV ថា ក្រសួងការពារ​ជាតិ​បាន​ត្រៀម​លក្ខណៈរួចរាល់អស់ហើយសម្រាប់ការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់បេក្ខជនចំនួន ១ម៉ឺននាក់ ដែលបានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ពោលគឺបា​ន​ត្រៀម​តាំង​ពី​បី​ខែ​មក​ម៉្លេះ ដោយមិនមានការលំបាកក្នុងការត្រៀមរៀបចំនោះទេ គឺក្រសួងបានគិតគូរផែនការច្បាស់លាស់ ប៉ុន្តែ​នីតិវិធីលម្អិតៗរបៀបម៉េច ខិតខំធ្វើយ៉ាងណាឲ្យបានរលូនដំណើរការល្អទៅមុខ ហើយ​ខាង​ក្រសួង​ការ​ពារជាតិកំពុងតែជជែកពិភាក្សាគ្នា។ ចំពោះទីតាំងសម្រាប់ហ្វឹកហ្វឹក គឺបានប្រុ​ង​ប្រៀប​រួច​រាល់​អស់​ហើយ គេនឹងជូនដំណឹង ហើយសាម៉ី​ជន​នឹង​បាន​ដឹ​ង​ថា​ខ្លួន​ត្រូវ​ទៅ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​នៅ​កន្លែង​ណា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បាន​ចេញ​អនុ​ក្រឹត្យ​អនុញ្ញាត​ឱ្យ​ក្រសួង​ការ​ពារ​ជាតិ​ជ្រើស​រើស​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​អាយុ​ពី​១​៨​ឆ្នាំ​ដល់​២៥​ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ចំនួន ១ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុវត្ត​ច្បាប់​កាតព្វ​កិច្ច​យោធា​ដែល​គ្រោង​បើក​វគ្គ​ដំបូ​ង​នៅ​ដើមខែវិច្ឆិកា គឺកំណត់យកថ្ងៃទី៩ វិច្ឆិកា ដែលជាថ្ងៃកំណើតកងទ័ព និងថ្ងៃបុណ្យ​ឯករាជ្យ ​គឺជាថ្ងៃដែលចាប់ផ្តើមអនុវត្តនៅគោលការណ៍ និងការអនុវត្ត​ច្បាប់​កាតព្វ​កិច្ច​ជា​ប្រវត្តិសាស្ត្រ​ដើម្បីចូលរួមក្នុងការពង្រឹងកងទ័ព។ ក្រសួងការពារជាតិនឹងបន្តរើសរាល់ឆ្នាំ ហើយ​តាម​តម្រូវ​ការជាក់ស្តែងរបស់កងទ័ព។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូង គឺ​សំដៅ​កសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាព និងវិន័យ ដែលជាតម្រូវការរបស់ជាតិ។ ការ​ការពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុង​បរិបទ​ដែល​សង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិ​ចាំបា​ច់​ត្រូវ​មាន​កម្លាំង​ដែល​ទទួល​បាន ការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានា​ដើម្បី​ការ​ពារ​អធិបតេយ្យភាព បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia