Connect with us

ព័ត៌មាន

ព្រឹកនេះ ចាប់ផ្តើមបែងចែកកន្លែងការងារ ជូនបេក្ខជនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ វិទ្យាល័យ

នាព្រឹកព្រលឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ បរិយាកាសនៅមណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE) មានភាពអ៊ូអរខ្លាំង ដោយសារវត្តមានរបស់បេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ ក្នុងសម័យប្រឡងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។ បេក្ខជនជ័យលាភី ដែលត្រូវបានបែងចែកកាលវិភាគក្នុងវេនពេលព្រឹក បានធ្វើដំណើរមកដល់មណ្ឌលយ៉ាងច្រើនកុះករតាំងពីម៉ោង ៦:៣០នាទីព្រឹក ពោលគឺមុនម៉ោងកំណត់រហូតដល់ទៅ ១ម៉ោង ដើម្បីត្រៀមខ្លួនចូលរួមទទួលស្តាប់ការណែនាំពីគណៈកម្មការ និងត្រៀមជ្រើសរើសប៉ុស្តិ៍ការងាររបស់ខ្លួន។ បេក្ខជនទាំងអស់ បានបង្ហាញខ្លួនយ៉ាងសមរម្យ និងថ្លៃថ្នូរក្នុងឯកសណ្ឋានគ្រូបង្រៀន ព្រមទាំងមានការកាន់ជាប់មកជាមួយនូវឯកសារចាំបាច់ រួមមានសលាកបត្រចុះឈ្មោះប្រឡងប្រជែង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ ក្រុមការងារសម្របសម្រួល និងក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ពង្រាយកម្លាំងយ៉ាងសកម្ម នៅតាមច្រកចូល មុខអគារ K និងអគារ P ដើម្បីជួយណែនាំ ផ្ទៀងផ្ទាត់ឈ្មោះ និងតម្រង់ជួររបៀបរៀបរយ ធ្វើឱ្យលំហូរនៃការចូលទៅកាន់សាលប្រជុំធំ និងតាមជាន់នៃអគារនីមួយៗ ប្រព្រឹត្តទៅដោយរលូន បង្ការបាននូវការកកស្ទះ និងរក្សាបាននូវសណ្តាប់ធ្នាប់។ សកម្មភាពនាព្រឹកនេះ បានស្តែងឱ្យឃើញពីស្មារតីទទួលខុសត្រូវ របស់បេក្ខជនជ័យលាភីគ្រប់រូប ក្នុងការសហការជាមួយគណៈកម្មការ ដើម្បីធ្វើឱ្យដំណើរការ ចាប់ប៉ុស្តិ៍ការងារនេះ ប្រកបដោយតម្លាភាព យុត្តិធម៌។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia