Connect with us

ព័ត៌មាន

ក្រសួងការងារធ្វើតេស្ត RPL ដល់អតីតពលករមកពីថៃចំនួន ១ ០០០នាក់លើជំនាញឆុងកាហ្វេ និងរចនា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសចាប់ផ្តើមអនុវត្តការធ្វើតេស្តវាយតម្លៃទទួលស្គាល់ ជំនាញពីមុន (RPL) ជំហានទី២ ផ្លូវការចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះតទៅ ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃ ធ្វើតេស្តទាំងស្រុង ក្នុងគោលបំណងប្រែក្លាយបទពិសោធន៍ជាក់ស្តែងឱ្យទៅជាវិញ្ញាបនបត្រផ្លូវការ ដើម្បីងាយស្រួលរកការងារ និងទទួលបានប្រាក់ចំណូលខ្ពស់។

លោក ទាង សាក់ ប្រធាននាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ប្រាប់ព័ត៌មាន បីធីវី ថា ការធ្វើតេស្ត RPL ជំហានទី២នេះ ត្រូវបានគាំទ្រថវិកាសម្រាប់មនុស្ស ១ ០០០នាក់បន្ថែមទៀត លើមុខជំនាញផ្នែកសេវាកម្មចំនួន២ រួមមាន៖ ការងារឆុងនិងរចនាកាហ្វេ និងការរចនាក្រាហ្វិកដោយកុំព្យូទ័រ។

ដោយឡែក សម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ ស្របតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងបានរៀបចំកញ្ចប់ថវិការដ្ឋសម្រាប់ធ្វើតេស្តជូនបងប្អូនអតីតពលករចំនួន ១០ ០០០នាក់បន្ថែមទៀត លើមុខជំនាញ ចំនួន១៣ ក្នុងវិស័យសំណង់ ដូចជា៖ ការងារជាងកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងសសៃដែក ការផ្សារអគ្គិសនី ការងារការ៉ូ និងការងារបេតុង។ល។

លោកប្រធាននាយកដ្ឋាន បានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវតម្លាភាព និងគុណភាពខ្ពស់ រាល់មជ្ឈមណ្ឌលវាយតម្លៃ និងអ្នកវាយតម្លៃទាំងអស់ សុទ្ធតែបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លើសពីនេះ រាល់ការធ្វើតេស្ត (ទាំងទឹ្រស្តី និងការអនុវត្តផ្ទាល់) នឹងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពដើម្បីត្រួតពិនិត្យការវាយតម្លៃឱ្យស្រប តាមគោលការណ៍ណែនាំជាដាច់ខាត។

សូមជំរាបជូនថា សម្រាប់សាធារណជនទូទៅ និងបងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដែលមានបំណងចង់ចុះឈ្មោះធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃ អាចធ្វើការចុះឈ្មោះដោយ ផ្ទាល់នៅមជ្ឈមណ្ឌលដែលមានបញ្ជាក់ក្នុងឯកសារភ្ជាប់ជូន ឬតាមរយៈប្រព័ន្ធឆ្លើយតបបន្ទាន់ (hotline) ១២៩៧ ឬស្កែនឃ្យូអរកូដ តាមឯកសារភ្ជាប់ជូនខាងក្រោម៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia