ព័ត៌មាន
Farizon Cambodia ចាប់ដៃគូជាមួយ កាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
ភ្នំពេញ៖ ក្រុមហ៊ុន កាពីតូល (CAPITOL TOURS and Transport) ដែលផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងផ្ញើអីវ៉ាន់ បានសម្រេចចិត្តជ្រើសរើសក្រុមហ៊ុន Farizon Cambodia ដែលជាអ្នកផ្គត់ផ្គង់ និងចែកចាយរថយន្តអគ្គិសនី ជាដៃគូយុទ្ធសាស្ត្រ ដើម្បីធ្វើទំនើបកម្មសេវាកម្មដឹកជញ្ជូន ដោយងាកមកប្រើប្រាស់រថយន្តអគ្គិសនីសម្រាប់ការដឹកអ្នកដំណើររបស់ខ្លួន។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន កាពីតូល បានធ្វើតេស្តសាកល្បង និងវាយតម្លៃឃើញពីគុណភាព និងសមត្ថភាពរបស់រថយន្តអគ្គិសនី Farizon ដែលនាំឱ្យក្រុមហ៊ុនទាំងពីរសម្រេចចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការប្រើប្រាស់រថយន្តអគ្គិសនីជាផ្លូវការ។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម នៅអគារតាំងបង្ហាញរបស់ក្រុមហ៊ុន Farizon Cambodia នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗនៃក្រុមហ៊ុនទាំងពីរ។
លោក បាវ វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន Farizon Cambodia បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ក្នុងការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីក្នុងវិស័យដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជា។ លោកបានបន្ថែមថា រថយន្ត Farizon ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ខណៈនៅកម្ពុជា ក្រុមហ៊ុនបាននាំចូលរថយន្តម៉ាកនេះជាលើកដំបូងនៅខែកក្កដា ឆ្នាំ២០២៥ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។
លោកបានលើកទឹកចិត្តម្ចាស់អាជីវកម្មទាំងអស់ឱ្យងាកមកប្រើប្រាស់រថយន្តអគ្គិសនីព្រោះការប្រើប្រាស់រថយន្តអគ្គិសនីផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមាន ការសន្សំសំចៃខ្ពស់រហូតដល់ ៧០% បើធៀបជាមួយការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំង ជួយកាត់បន្ថយសំឡេងរំខាន និងផ្តល់ផាសុកភាពក្នុងការបើកបរ។ លើសពីនេះ ការប្រើប្រាស់យានយន្តអគ្គិសនីក៏ចូលរួមចំណែកក្នុងការការពារបរិស្ថាន និងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផលិតថាមពលអគ្គិសនីក្នុងស្រុក។
ចំណែក លោក ផាន់ សុភាព អគ្គនាយកក្រុមហ៊ុន កាពីតូល បានគូសបញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនី Farizon មិនត្រឹមតែជាការធ្វើទំនើបកម្មរបស់ក្រុមហ៊ុន CAPITOL ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងផ្តល់តម្លៃសេវាកម្មទាបជាងរថយន្តប្រើប្រេងធម្មតា។ លោកបន្ថែមទៀតថា ក្នុងជំហានដំបូងនេះ ក្រុមហ៊ុន CAPITOL បានបញ្ជាទិញរថយន្ត Farizon ចំនួន ៧ គ្រឿង និងគ្រោងនឹងបង្កើនដល់ ២០ គ្រឿងក្នុងឆ្នាំនេះ និងឈានទៅបង្កើនការបញ្ជាទិញរហូតដល់ ៥០ គ្រឿងនៅឆ្នាំ២០២៧។
លោកមានប្រសាសន៍ថា៖ «រថយន្ត Farizon មានគុណភាពល្អខ្លាំង ហើយអតិថិជនដែលបានជិះសុទ្ធតែសម្តែងការកោតសរសើរ។ ដំបូងឡើយ ខ្ញុំមិនទាន់ចាប់អារម្មណ៍ខ្លាំងលើរថយន្តម៉ាកនេះទេ ប៉ុន្តែក្រោយពីបានពិនិត្យ និងសាកល្បងបើកបររថយន្តទៅកាន់ខេត្តសៀមរាប ដោយមិនចាំបាច់ឈប់សាកថ្មតាមផ្លូវ ធ្វើឱ្យយើងកាន់តែមានទំនុកចិត្តលើសមត្ថភាពរបស់រថយន្តនេះ។ នេះគឺជាតម្រូវការសំខាន់របស់ក្រុមហ៊ុន និងភ្ញៀវទេសចរទូទាំងប្រទេស ដែលចង់បានការធ្វើដំណើរប្រកបដោយភាពរលូន និងមិនមានការរំខានដោយការឈប់សាកថ្មតាមផ្លូវ»។
Farizon គឺជាម៉ាករថយន្តអគ្គិសនីឈានមុខគេ ដែលទទួលស្គាល់ដោយសហគមន៍អឺរ៉ុប និងទទួលបានពានរង្វាន់មាសផ្នែកសុវត្ថិភាព និងគុណភាព។ រថយន្តនេះមានភាពធំទូលាយ អាចបើកបរបានចម្ងាយឆ្ងាយរហូតដល់៤៨០គីឡូម៉ែត្រ និងសន្សំសំចៃខ្ពស់។ ចំណុចពិសេសរបស់ Farizon គឺមានជម្រើសច្រើនប្រភេទ ចាប់ពីរថយន្តដឹកទំនិញទម្ងន់ ១,៥តោន ដល់ ៥តោន ព្រមទាំង រថយន្ត Van ដែលមានចាប់ពី ៦ កៅអី ដល់ ១៦កៅអី ដើម្បីបំពេញតម្រូវការប្រើប្រាស់ផ្សេងៗគ្នា៕












-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន