Connect with us

ព័ត៌មាន

ក្រុមអ្នកចិញ្ចឹមសត្វអំពាវនាវឱ្យទប់ស្កាត់ ការនាំចូលសាច់បង្កក ដើម្បីលើកកម្ពស់ការចិញ្ចឹមក្នុងស្រុក និងការពារសុខភាពអ្នកបរិភោគ

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធបង្កើតការទប់ស្កាត់ ជាពិសេសអ្នកនាំចូលការសាច់បង្កក កូនជ្រូក ទា និងជើងទា ត្រូវបញ្ឈប់សកម្មភាពនាំចូលរបស់ខ្លួន ដែលការនាំចូលនេះមិនត្រឹមធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមសត្វក្នុងស្រុកនោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋដែលពិសារថែមទៀត។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការចិញ្ចឹមសត្វកក្នុងស្រុក និងការនាំចូលសាច់បង្កក សាច់ជ្រូក ទា និងជើងទា នេះថា ជុំវិញការចិញ្ចឹមសត្វនេះ បន្ទាប់ពីរាជរដ្ឋាភិបាលទប់ស្កាត់ការនាំចូលសាច់បង្កកក្នុងរយៈពេលចុងក្រោយ ការពង្រឹងបទប្បញ្ញត្តិពាក់ព័ន្ធ បានលើកកម្ពស់ការចិញ្ចឹមសត្វក្នុងស្រុក គួបផ្សំនិងការកើនឡើងនៃតម្រូវការក្នុងស្រុកបានធ្វើឱ្យវិស័យចិញ្ចឹមសត្វមានសម្ទុះរីកចម្រើនគួរកត់សម្ភាល់ ជាពិសេសការចិញ្ចឹមជ្រូក មាន់ និងការចិញ្ចឹមគោជាដើម។

លោកបន្តថា ស្របពេលការចិញ្ចឹមក្នុងស្រុកកំពុងមានការរីកចម្រើន តែនៅក្នុងរយៈពេលជាង២ខែមកនេះ ការចិញ្ចឹមបានធ្លាក់ចុះ ដោយសារមានឈ្មួញខិលខូចមួយចំនួនបាននាំចូលពីប្រទេសជិតខាង។ ប៉ុន្តែអ្វីដែលជាបន្ទុកបន្ថែម ឃើញថា ការនាំចូលសាច់បង្កក ជាពិសេសការនាំចូលសាច់ទាបង្កក ដែលមានការនាំចូលស្ទើរទាំងស្រុង ដែលបញ្ហានេះមិនត្រឹមធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមសត្វក្នុងស្រុកនោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋដែលទិញទៅពិសាថែមទៀត។

លោកបន្ថែមថា ស្របពេលការចិញ្ចឹមសត្វកំពុងរងការប៉ះពាល់នេះ ការដាក់ចេញផែនការជួយទប់ស្កាត់ការនាំចូលជ្រូករស់ខុសច្បាប់ មកពិឃាតនៅសត្តឃាតដ្ឋានក្នុងស្រុក របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចូលរួមទប់ស្កាត់ចលនាសត្វខុសច្បាប់ ការរីករាលដាលជំងឺឆ្លងសត្វ និងការពារសុខភាពសាធារណៈ ដែលនេះគឺជាសកម្មភាពមួយសំខាន់មួយបន្ថែមទៀត ដោយលោកបានគាំទ្រពេញទំហឹង លើការដាក់ចេញផែនការទាំងនេះ ដែលជាផ្នែកមួយជួយលើកកម្ពស់ដល់សុខភាពសត្វ និងការរីកចម្រើនផលិតកម្មសត្វក្នុងស្រុក។

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia