ព័ត៌មាន
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចេញសេចក្តីបំភ្លឺស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានកត់សម្គាល់ចំពោះអត្ថបទមួយដែលចុះផ្សាយដោយសារព័ត៌មាន Nikkei Asia នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ស្តីពីការចោទប្រកាន់អំពីការជាប់ពាក់ព័ន្ធរបស់ក្រុមហ៊ុនសន្តិសុខឯកជនមួយចំនួនក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។
ក្នុងន័យនេះ ស្ថានទូតសូមផ្តល់ព័ត៌មានបន្ថែមអំពីវិធានការគ្រប់ជ្រុងជ្រោយ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំផ្សេងៗទៀត។
ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តវិធានការយ៉ាងទូលំទូលាយនៅទូទាំងប្រទេស រួមមាន ការពង្រឹងយន្តការច្បាប់និងស្ថាប័ន ការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ការបង្កើនប្រតិបត្តិការអនុវត្តច្បាប់ ការស៊ើបអង្កេតបណ្តាញឧក្រិដ្ឋកម្ម និងការពង្រឹងកិច្ចសហ ប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។
យោងតាមតួលេខផ្លូវការដែលបានផ្សព្វផ្សាយដោយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្នុងរយៈពេលចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លទ្ធផលសំខាន់ៗរួមមាន៖
បានចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៨៣២ កន្លែង និងអនុវត្តប្រតិបត្តិការបង្ក្រាបនៅទីតាំង ចំនួន ៦៦៣ កន្លែង ក្នុងនោះមានទីតាំងឆបោកធំៗចំនួន ៨៦ កន្លែង ដែលត្រូវបានបង្ក្រាប និង ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ។
បានបញ្ជូនសំណុំរឿងព្រហ្មទណ្ឌចំនួន ៤៤៦ ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យចំនួន ៣.៩២៧ នាក់ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បានបង្កកគណនីធនាគារដែលមានទឹកប្រាក់សរុបជាង ៣០០ លានដុល្លារអាម៉េរិក ដែលសង្ស័យ ថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បានចាត់វិធានការតាមបទប្បញ្ញត្តិចំពោះកាស៊ីណូចំនួន ២៧ កន្លែង រួមទាំងការដកហូត និងការព្យួរ អាជ្ញាបណ្ណ។
បានចាត់វិធានការផ្លូវច្បាប់ចំពោះ ៤ ករណី ដែលពាក់ព័ន្ធនឹងមន្ត្រីសាធារណៈ និងមន្ត្រីអនុវត្តច្បាប់ ចំនួន ១៥ រូប ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់សារៈសំខាន់នៃគណនេយ្យភាពនិងនីតិរដ្ឋ។ រាល់ការចោទប្រកាន់អំពីការ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ត្រូវស្ថិតក្រោមការស៊ើបអង្កេត និងនីតិវិធីច្បាប់សមស្រប ដោយការកំណត់ ការទទួលខុសត្រូវត្រូវផ្អែកលើភស្តុតាង និងស្របតាមច្បាប់ជាធរមាន។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបានរាយការណ៍នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ថា វិធានការវិន័យត្រូវបានអនុវត្ត ចំពោះមន្ត្រីនគរបាលចំនួន ៧៧ រូប ដែលមានការជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បន្ថែមលើសមិទ្ធផលនៃការអនុវត្តច្បាប់ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈវិធានការគ្រប់ជ្រុងជ្រោយ និង ប្រកបដោយនិរន្តរភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះរួមមាន ការបង្ក្រាប និងរំលាយបណ្តាញឧក្រិដ្ឋកម្ម ការស្វែងរក និងនាំខ្លួនមេក្លោងមកទទួលខុសត្រូវតាមច្បាប់ ការទប់ស្កាត់លំហូរហិរញ្ញវត្ថុខុសច្បាប់ ការ ពង្រឹងសមត្ថភាពស្ថាប័ន និងគណនេយ្យភាព ការបង្កើនកិច្ចសម្របសម្រួលរវាងអាជ្ញាធរមានសមត្ថកិច្ច ការការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុង តំបន់និងអន្តរជាតិ។ តាមរយៈវិធានការទាំងនេះ កម្ពុជាមានគោលបំណងមិនត្រឹមតែបង្ក្រាបសកម្មភាព ឧក្រិដ្ឋកម្ម និងទប់ស្កាត់ការកើតមានឡើងវិញនៃបទល្មើសទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារសន្តិសុខ សាធារណៈ និងរក្សាបរិយាកាសប្រកបដោយសុវត្ថិភាព តម្លាភាព និងអំណោយផលសម្រាប់សកម្មភាពធុរកិច្ច និងការវិនិយោគស្របច្បាប់ផងដែរ។
កម្ពុជាក៏ផ្តល់សារៈសំខាន់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កម្ពុជាបានរៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានី ភ្នំពេញ កាលពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃសកម្មភាពរួមគ្នា ការចែករំលែកព័ត៌មាន ការសម្របសម្រួលកិច្ចប្រតិបត្តិការអនុវត្តច្បាប់ និងការការពារជនរងគ្រោះ។
រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាប្រឈមឆ្លងដែនដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។ អាជ្ញាធរមានសមត្ថកិច្ច កម្ពុជាកំពុងបន្តការស៊ើបអង្កេត និងប្រតិបត្តិការអនុវត្តច្បាប់ រួមទាំងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មខ្នាតតូច និងបណ្តាញដែលប្រតិបត្តិការដោយលាក់បាំងផងដែរ។
ស្ថានទូតសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឧក្រិដ្ឋកម្មទាំងនេះ ការលើកកម្ពស់នីតិរដ្ឋ ការការពារជនរងគ្រោះ និង់ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន និង ដៃគូអន្តរជាតិដទៃទៀត។
ស្ថានទូតក៏សូមលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយព័ត៌មានប្រកបដោយសត្យានុម័ត តុល្យភាព និងផ្អែកលើ អង្គហេតុជាក់ស្តែង ដោយទទួលស្គាល់ទាំងពីភាពធ្ងន់ធ្ងរនៃសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងវិធានការជាក់ស្តែង ព្រមទាំងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធ ប្រឆាំងនឹងបទល្មើសឧក្រិដ្ឋកម្មទាំងនោះ។


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន