Connect with us

ព័ត៌មាន

ក្នុងចំណោមស្នាដៃជិត ៤០០ ចំណងជើង មានស្នាដៃផលិតករខ្មែរ និងបរទេស ៩០ ចំណងជើងត្រូវបានជ្រើសយកមកដាក់បញ្ចាំង

ក្នុងពិធីបើកមហោស្រពភាពយន្តខ្នាតខ្លីចតុម្មុខជំនាន់ទី១៥, ល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឯក ប៊ុនថា​ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អៈអាងថា មហោស្រពភាពយន្តខ្លី គឺជាវេទិការមួយដ៏មាន​សារៈសំខាន់ និង​ចាំបាច់បំផុត​ក្នុងការជំរុញលើកទឹកចិត្តដល់យុវជន ដើម្បីបញ្ចេញនូវគំនិត ចែករំលែកផ្សព្វផ្សាយនូវ​ព័ត៌មាន​ដែល​ពួកគេមាន តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ហើយគឺជាជំហ៊ានដំបូងដែលនាំពួកគេឱ្យក្លាយជា​ផលិតករ​ភាពយន្ត។…………………….

ឯកឧត្តមបន្តថា ក្នុងន័យនេះ មហោស្រពភាពយន្តខ្លីចតុមុខ ដែលរៀបចំនាពេល​នេះគឺមានអត្ថន័យលើសពីការចាក់បញ្ចាំង ផ្សព្វផ្សាយនិងការប្រកួតប្រជែងស្នាដៃភាពយន្ត តែជាវេទិកាដ៏មានវិសាលភាព ដែលឆ្លុះបញ្ចាំងអំពីការរីកចម្រើនប្រកបដោយការច្នៃប្រឌិត ពិសេសការបង្ហាញនូវខ្លឹមសារសាច់រឿងដ៏សំបូរបែបដែលមនុស្ស ភាគច្រើនពុំធ្លាប់បានដឹង ពុំធ្លាប់បានលឺ និងពុំធ្លាប់បានឃើញក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ គ្រប់សកម្មភាព គ្រប់​ពាក្យពេជន៍សន្ទនា និងគ្រប់ឈុតឆាកដែលអ្នកនិពន្ធ ឬអ្នកដឹកនាំរឿងបានតាក់តែង និងបង្កើត​ឡើង មិនត្រឹមតែឆ្លុះបញ្ចាំងពីទេពកោសល្យរបស់អ្នកនិពន្ធ និងអ្នកដឹកនាំរឿងប៉ុណ្ណោះទេ តែថែមទាំងជាការកំណត់ និងការប្តេជ្ញាចិត្តរបស់អ្នកនិពន្ធ និងអ្នកដឹកនាំរឿងលើព្រំដែន​នៃទម្រង់ សិល្បៈក្នុងការចែករំលែករឿងរ៉ាវរបស់ខ្លួនទៅដល់ពិភពលោក ​ប្រកបថាមពល។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងនាមជាស្ថាប័នគ្រប់គ្រង និងអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា ក្រសួងវប្បធម៌ ​និង​​វិចិត្រសិល្បៈបានខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ប្រកប​ដោយការទទួល​ខុសត្រូវខ្ពស់ ក្នុងការរៀបចំកសាងផែនការយុទ្ធសាស្រ្ត​នានា ដើម្បីរួមចំណែកប្រើប្រាស់​សក្តានុពល​វប្បធម៌ជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាក់ស្តែង អនុវត្តតាមគោលនយោបាយយុទ្ធសាស្រ្ត​បញ្ចកោណដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងនិយាយ​ដោយ​ឡែក គោលនយោបាយជាតិស្តីពី​វិស័យវប្បធម៌ ក្រសួង បាននិង​កំពុងអនុវត្តយ៉ាងម៉ត់ចត់នូវយុទ្ធសាស្រ្តក្នុងការ​ជំរុញ​ព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយជាដែនដី​ស្វាគមន៍ក្រុមថតភាពយន្តជាតិ និងបរទេស និងបានដាក់ឱ្យអនុវត្តនូវបទដ្ឋានគតិយុត្តិនានា​ពាក់ព័ន្ធ​នឹងការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ក្នុងគោលដៅជំរុញ​និង​លើកទឹកចិត្ត និងសម្រប​សម្រួលដល់ការបង្កើតស្នាដៃភាពយន្តថ្មីៗ ដើម្បីរួមចំណែកថែរក្សា ការពារ លើកតម្កើង និង​អភិវឌ្ឍវប្បធម៌ជាតិ។

បើតាមលោក ស៊ុំ ស៊ីថែន ប្រធានគណៈកម្មការរៀបចំមហោស្រព បានឲ្យដឹងថា មហោស្រពបានទទួលភាពយន្តខ្នាតខ្លីពីក្នុងប្រទេសចំនួន៨៣​ចំណងជើង និងក្រៅប្រទេសចំនួន ២៩៧​ចំណងជើង សរុបចំនួន៣៨០​ចំណងជើង ដែលបានដាក់ពាក្យចូល​រួម ហើយមហោស្រពបានសម្រេច​ជ្រើសរើស​ភាពយន្ត​ខ្លីសរុប ៩០ចំណងជើង សម្រាប់ការចាក់បញ្ចំាង។ សម្រាប់ភាពយន្តប្រកួតប្រជែង មានភាពយន្តផលិតដោយយុវផលិតករក្នុងស្រុកមានចំនួន ២០ចំណងជើង និងភាពយន្តផលិតដោយបរទេសចំនួន ២១ចំណងជើង។ ភាពយន្តទាំងនេះត្រូវបានចាក់បញ្ចាំនៅតាមរោងភាពយន្តចំនួន៧ នៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តចំនួន៣ ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ។ ចំនួននេះ ​គឺជា​ការវិវត្តន៍​ថ្មី​មួយទៀតសម្រាប់​មហោស្រព ភាពយន្ត​ខ្នាតខ្លីចតុមុខ ដែលមានផលិតករ​ជា​ច្រើន​ចាប់អារម្មណ៍ និងបានយកស្នាដៃ​ភាពយន្ត​របស់ពួកគេចូលរួម​ក្នុងមហោស្រព ហើយ​ការចូលរួម នេះគឺជាកាលានុវត្តភាព​ថ្មី​មួយសម្រាប់យុវផលិតករ ភាពយន្តកម្ពុជា ដើម្បី​សិក្សារៀនសូត្រពី​គំរូល្អៗ ក្នុងការអភិវឌ្ឍស្នាដៃ​ភាពយន្តរបស់ខ្លួន ទៅថ្ងៃអនាគត៕

អត្ថបទ រដ្ឋា ​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia