Connect with us

ព័ត៌មាន

ក្រុមការងារចុះមូលដ្ឋានស្រុក​លើកដែក ផ្តល់ម៉ូតូដល់សិស្ស ​និទ្ទេសA និងបើកបវេសនកាលឆ្នាំថ្មី

បេក្ខជនប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឆ្នាំ ២០២៥-២០២៦ ជាប់និទ្ទេស A នៅ​ស្រុក​លើកដែក ចំនួន ៩ នាក់ ទទួលបានរង្វាន់ម៉ូតូម្នាក់មួយគ្រឿង រួមទាំងសម្ភារសិក្សា និងថវិកា ពីឯកឧត្តម ហេង រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាល ដើម្បីជួយសម្រាល​បន្ទុក និងជាកម្លាំងចិត្តបន្ថែមក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

ថ្លែងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦ -២០២៧ និងប្រគល់រង្វាន់ដល់សិស្សានុសិស្សនិទ្ទេស A នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ នៃស្រុក​លើក​ដែក ខេត្តកណ្តាល នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហេង រតនា បានអបអរសាទរចំពោះក្មួយៗទាំងអស់ ដែល​បាន​​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​រហូត​ទទួល​បាន​ជោគ​ជ័យ​​ជូន​ដល់​គ្រួសារ និង​សង្គម​ជាតិ​ ហើយ​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់ក្មួយៗដែលពុំបានប្រឡងជាប់ ត្រូវសិក្សារៀនសូត្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បី​ទទួល​បានជោគជ័យ នៅឆ្នាំក្រោយ ដោយមិនត្រូវបោះបង់ការសិក្សានៅត្រឹមនេះនោះឡើយ ឬក៏សិក្សាចាប់យកចំណេះជំនាញបច្ចេកទេសផ្សេងៗ ព្រោះក្មួយៗទាំងអស់ គឺជាទំពាំងស្នងឫស្សី សម្រាប់​ប្រទេស​ជាតិ និងជាធនធានមនុស្សដ៏សំខាន់នាថ្ងៃខាងមុខ។

ឯកឧត្តម មានក្តីសោមនស្សរីករាយ និងមាន​មោទនភាព​យ៉ាង​អនេកចំពោះការខិតខំប្រឹងប្រែងរបស់សិស្សា​នុសិស្ស លោកគ្រូអ្នកគ្រូ និងមាតា​បិតា​សិស្ស ដែលបានរួមគ្នាសម្រេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់សម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាខាងមុខទៀត។ ដែលទាំង​នេះ​កើត​ចេញ​ពី​ការ​ខិតខំប្រឹងប្រែងរៀនសូត្រ និងសេចក្តីប៉ងប្រាថ្នាជាក់លាក់លើការសិក្សា រួម​នឹងការ​លើកទឹកចិត្តផ្សេងៗទៀតដែលនាំដល់ការទទួលបាននូវលទ្ធផលវិជ្ជាមានសម្រាប់​សិស្សា​នុសិស្ស​ទាំង​អស់នេះ។

ក្រៅពីផ្តល់​រង្វាន់ម៉ូតូជូនដល់សិស្សជាប់និទ្ទេស A ម្នាក់មួយគ្រឿង ឯកឧត្តម ហេង រតនា ក៏បានផ្តល់រង្វាន់ និងអំណោយដល់សិស្សានុសិស្សជាប់និទ្ទេសផ្សេង និងប្រឡងធ្លាក់រួមទាំងជូនដល់លោកគ្រូអ្នក​គ្រូ​ផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ។

សូមជម្រាបថា ក្នុងឆ្នាំសិក្សា ២០២៥- ២០២៦មកនេះ នៅទូទាំងស្រុកលើកដែក មានសិស្សថ្នាក់ទី១២ សរុបចំនួន ៥២៩ នាក់ (ស្រី ៣១៥នាក់) មកពីវិទ្យាល័យចំនួន៣ បានដាក់ពាក្យប្រឡងកន្លងទៅនេះ ជាលទ្ធ ផល វិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ ចំនួន ៣០៦នាក់ (ស្រី ១៨៤នាក់) ប្រឡង ជាប់ចំនួន ២៥៩នាក់ បាននិទ្ទេសA ចំនួន ៧ នាក់ (ស្រី៦ នាក់)និទ្ទេស B-C-D-E ចំនួន ២៥២នាក់ (ស្រី ១៥២នាក់), វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ពាមរាំង ចំនួន ១៧៩នាក់ (ស្រី ១០៤នាក់) ប្រឡង ជាប់ចំនួន ១៧៤ នាក់ ជាប់និទ្ទេសA ចំនួន ២ នាក់ និទ្ទេស B-C-D-E ចំនួន ១៧២ នាក់ (ស្រី ១០៣ នាក់) វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក្អមសំណ ៤៤នាក់ (ស្រី ២៧នាក់) ប្រឡងជាប់ចំនួន ៤៤នាក់ ទទួលបាននិទ្ទេស B-C-D-E ចំនួន ៤៤ នាក់ ស្រី ២៧នាក់៕

 

អត្ថបទ៖ ភារម្យ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia