Connect with us

ព័ត៌មាន

ប្រមុខការទូតកម្ពុជា និងចិន នឹងជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំងប្រទេសចិនក្នុងឱកាសនៃកិច្ចប្រជុំមេគង្គ -ឡានឆាងនាថ្ងៃទី៣ដល់ថ្ងៃទី៤ ខែវិច្ឆិកានេះ

តបតាមការអញ្ជើញរបស់ ឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដែលបានចេញនៅថ្ងៃទី២ ខែវិច្ឆិកានេះ បានបញ្ជាក់ថាក្នុងងអំឡុងពេលកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) ផ្លាស់ប្តូរទស្សនៈលើទិសដៅ និងអាទិភាពនាពេលអនាគតសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំង ពិនិត្យលទ្ធភាពបន្ថែមទៀតដើម្បីពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្ត ប្រទេសសមាជិកមេគង្គ-ឡានឆាង។ កិច្ចពិភាក្សា នឹងផ្ដោតលើការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និង ការលើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

សេចក្តីប្រកាសបានបញ្ជាក់បន្ថែមទៀតថា ស្របពេលជាមួយកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងជួបពិភាក្សា ទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី ដើម្បីពិភាក្សាអំពីវិធីក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហ- ប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia