Connect with us

ព័ត៌មាន

ទេសចរចុះពីនាវា Villa Vie Odyssey អរគុណកម្ពុជា​ដែល​បាន​ផ្ដល់​ជំនួយ​យ៉ាង​កក់​ក្ដៅ​លើស​ការ​រំពឹង​ទុក

ក្រោយពីចាកចេញពីនាវាអន្តរជាតិ Villa Vie Odyssey ដោយមិននឹកស្មានដល់ ទេសចរ​អន្តរជាតិ​នៅ​លើកប៉ាល់នេះ ត្រូវបានផ្ដល់ជំនួយយ៉ាងកក់ក្ដៅពីកម្ពុជា ដែលពួកគេចាត់​ទុក​ជំនួយ​នេះ​លើស​ពីការរំពឹងទុក។ មកដល់ពេលនេះ ទេសចរតិចតួចក្នុងចំណោមជាង២០០នាក់ បាន​ចាក​ចេញ​ពីកម្ពុជា ខណៈភាគច្រើនបន្តស្នាក់នៅច្រើនសប្តាហ៍ទៀត ដើម្បីបន្តដំណើរកម្សាន្ត​ទៅ​តាម​គោលដៅទេសចរណ៍នានានៅកម្ពុជា។

អ្នកដំណើរលើនាវា Odyssey ដែលបានធ្វើដំណើរចាកចេញកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិតេជោ TIA បានថ្លែងប្រាប់BTV ថា គេបានមកទស្សនាកម្ពុជាច្រើនដងរួចហើយ ហើយការមកស្នាក់នៅច្រើនថ្ងៃមកនេះ គឺគេទទួលបានបទពិសោធន៍ដ៏អស្ចារ្យលើសការំពឹងទុក អំឡុងពេលគេនាំគ្នាចាកចេញពីនាវា Odyssey នោះ។ អ្នកដំណើរទាំងអស់បានថ្លែងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងអាជ្ញាធរគ្រប់ផ្នែក ដែលបានជួយសម្រសសម្រួល ជួយអន្តរាគមន៍ ជួយដោះស្រាយ រាល់សំណូមពរ រាល់តម្រូវការផ្សេងៗដែលធ្វើឲ្យគេមានសុវត្ថិភាព និងភាពកក់ក្តៅខ្លាំង ហើយគេពិតជាចង់ឲ្យទេសចរអន្តរជាតិមកទស្សនាកម្ពុជាឲ្យបានច្រើនខ្លាំងណាស់។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា តាមការស្នើពីថ្នាក់ដឹកនាំនាវា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ គឺនាវាអន្តរជាតិ Villa Vie Odyssey គ្រោងនឹងធ្វើដំណើរចាកចេញពីកំពុងពីកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែវិច្ឆិកា នេះ ក្រោយពីនាវាអន្តរជាតិមួយនេះ បានចូលចតកាលថ្ងៃទី២៣ ខែវិច្ឆិកា និងនៅគាំងជាប់នៅកំពង់ផែខេត្តព្រះសីហនុ ដោយសារបញ្ហាប្រេងកំពុងឡើងថ្លៃជាសកល ដែលតាមផែនការ នាវានេះ ត្រូវចាកចេញនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

លោកបានបន្តថា យ៉ាងណា រហូតមកដល់ពេលនេះ មន្ត្រីជំនាញ អាជ្ញាធរមានសមត្ថកិច្ច បាននិងកំពុងរួមសហការគ្នាប្រចាំការ ដោះស្រាយរាល់សំណូមពរ រាល់តម្រូវការចាំបាច់នានា សម្រួលការដឹកជញ្ជូនធ្វើដំណើរទៅភ្នំពេញ និងធ្វើដំណើរទេសចរណ៍កម្សាន្តក្នុងខេត្ត និងក្រៅខេត្ត ដោយមានមគ្គុទេសក៏ទេសចរណ៍នាំ និងមិនមានការគិតថ្លៃ ព្រមជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានជួយចុះអន្តរាគមន៍ឲ្យសណ្ឋាគារនានាផ្តល់ការបញ្ចុះថ្លៃឲ្យបាន៤០ទៅ៥០% ជូនអ្នកដំណើរលើOdyssey ស្នាក់នៅ និងមានឱកាសដើរកម្សាន្តបានយូរថ្ងៃនៅកម្ពុជា។

លោក បន្តថា ក្នុងចំណោមអ្នកដំណើរតាមនាវាអន្តរជាតិ Villa Vie Odyssey ចំនួន២០៣នាក់ រហូតមកដល់ថ្ងៃទី២ ខែវិច្ឆិកានេះ គឺមានអ្នកដំណើរប្រមាណជាង៦០នាក់ បន្តស្នាក់នៅតាមសណ្ឋាគារនានា និងនាំគ្នាអញ្ជើញធ្វើដំណើរកម្សាន្តទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ ខ្លះទៀតបន្តធ្វើដំណើរកម្សាន្តទេសចរណ៍ទៅតាមខេត្តគោលដៅទេសចរណ៍នានាច្រើនសប្តាហ៍ទៀត ជាលក្ខណៈឯកជន ហើយអ្នកដំណើរជិត៣០ទៀត បានធ្វើដំណើរតាមផ្លូវអាកាសត្រឡប់វិញទៅកាន់ប្រទេសគេវិញ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia