ព័ត៌មាន
រដ្ឋមន្ត្រី៖ សៀវភៅ «ស្នាមញញឹមខ្មែរ» ជាការចូលរួមលើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃជាតិទៅកាន់ពិភពលោក
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកសៀវភៅ «ស្នាមញញឹមខ្មែរ» (Le Sourire du Peuple Cambodgien) ថាជាស្នាដៃដ៏មានអត្ថន័យលើសពីការបោះពុម្ពផ្សាយអក្សរសិល្ប៍ និងការប្រមូលផ្តុំរូបភាពអំពីកម្ពុជា ដោយបានចូលរួមចំណែកក្នុងការថែរក្សា លើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃរបស់ប្រជាជាតិខ្មែរ ទៅកាន់សហគមន៍អន្តរជាតិ ជាពិសេសក្នុងឱកាសដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ថ្លែងក្នុងពិធីបង្ហាញសៀវភៅ «ស្នាមញញឹមខ្មែរ» នារសៀលនៅថ្ងៃទី២ ខែវិច្ឆិកានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមការងារដែលបានសហការគ្នារៀបចំ និងបោះពុម្ពសៀវភៅនេះឡើង តាមរយៈកិច្ចសហការរវាងសារព័ត៌មានថ្មីៗ, អង្គការ ស៊ីប៉ា(SIPAR)
និង អង្គការ Action Education។ ឯកឧត្តម បានចាត់ទុកថា សៀវភៅនេះមានអត្ថន័យលើសពីការបោះពុម្ពផ្សាយស្នាដៃអក្សរសិល្ប៍ ឬការប្រមូលផ្តុំរូបភាព និងរឿងរ៉ាវអំពីកម្ពុជា ប៉ុន្តែជាការចូលរួមចំណែកក្នុងការថែរក្សា លើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃរបស់ប្រជាជាតិខ្មែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការចេញផ្សាយសៀវភៅនេះ គឺស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកឧត្តមបានចាត់ទុកកិច្ចប្រជុំនេះថា ជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពល និងអត្តសញ្ញាណរបស់ខ្លួនទៅកាន់សហគមន៍ហ្វ្រង់កូហ្វូនី និងមិត្តភក្តិអន្តរជាតិសៀវភៅនេះ។
ឯកឧត្តមថ្លែងទៀតថា៖ «កម្ពុជាមានអ្វីៗជាច្រើនលើសពីប្រាសាទអង្គរវត្ត ពោលគឺមានប្រជាជនដែលមានភាពរាក់ទាក់ ប្រពៃណីទំនៀមទម្លាប់ សិល្បៈ ភាសា អក្សរសិល្ប៍ ម្ហូបអាហារ និងគុណតម្លៃសង្គមដ៏សម្បូរបែប ដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ពាក់ព័ន្ធនឹងអត្ថន័យនៃចំណងជើង «ស្នាមញញឹមខ្មែរ» រដ្ឋមន្ត្រីបានពន្យល់ថា ស្នាមញញឹមរបស់ប្រជាជនខ្មែរមិនមែនគ្រាន់តែជាការបង្ហាញពីភាពរីករាយប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃភាពកក់ក្តៅ ការរាក់ទាក់ សេចក្តីថ្លៃថ្នូរ និងស្មារតីនៃការរស់នៅជាមួយគ្នាដោយសុខដុមរមនា។ ស្នាមញញឹមក៏ជាសារនៃមិត្តភាព និងសន្តិភាព ដែលអាចឆ្លងកាត់ព្រំដែនភាសា វប្បធម៌ និងភូមិសាស្ត្រ ដើម្បីបង្កើតការយល់ចិត្ត និងភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស»។
ចំណែក លោក គី សុខលីម សហអ្នកនិពន្ធសៀវភៅនេះ បានបញ្ជាក់ថា ការរៀបចំសៀវភៅ «ស្នាមញញឹមខ្មែរ» មានគោលបំណងបង្ហាញពីភាពរុសរាក់ទាក់ និងការស្វាគមន៍របស់ប្រជាជនកម្ពុជា ចំពោះគ្រួសារប្រទេសនិយាយភាសាបារាំង តាមរយៈការរំលេចអត្តសញ្ញាណ វប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងម្ហូបអាហារខ្មែរដែលមានលក្ខណៈពិសេស។ អត្ថន័យសំខាន់នៃសៀវភៅនេះ គឺចង់ឱ្យសមាជិកនៃគ្រួសារប្រទេសនិយាយភាសាបារាំងទទួលបានចំណេះដឹង និងស្គាល់កម្ពុជាកាន់តែច្បាស់ ហើយ មានអារម្មណ៍រីករាយ រហូតផ្តល់ស្នាមញញឹមត្រឡប់មកកម្ពុជាវិញ។ នេះគឺជាសារដ៏មានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកផងដែរ។
លោកបានបញ្ជាក់ថា៖ «យើងចង់បង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ ដែលមានដូចជា ម្ហូបអាហារ ប្រវត្តិសាស្ត្រ និងកីឡាបុរាណរបស់ដូនតា ដូចជា គុនល្បុក្កតោ ប្រហុក ម្រេចកំពត និងដើមត្នោត ដែលសុទ្ធសឹងតែជាផ្នែកមួយនៃអត្តសញ្ញាណជាតិខ្មែរ។ យើងចង់ឱ្យមិត្តភក្តិនិយាយភាសាបារាំងបានស្គាល់ និងយល់កាន់តែច្បាស់ពីវប្បធម៌ និងប្រពៃណីរបស់កម្ពុជា។ យើងក៏ចង់បង្ហាញពីលក្ខណៈពិសេសនៃទន្លេចតុមុខ ដែលជាចំណុចប្រសព្វនៃទន្លេធំៗ និងជាលក្ខណៈពិសេសមួយរបស់រាជធានីភ្នំពេញ»។
ការបោះពុម្ពសៀវភៅ «ស្នាមញញឹមខ្មែរ» ជាពីរភាសា គឺភាសាខ្មែរ និងភាសាបារាំង ត្រូវបានធ្វើឡើងជាលើកដំបូងចំនួន ៣.០០០ក្បាល ដោយដាក់លក់ក្នុងតម្លៃ ២ម៉ឺនរៀលក្នុងមួយក្បាល។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រុមអ្នកនិពន្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចូលរួមគាំទ្រសៀវភៅនេះ ដើម្បីរួមចំណែកផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីខ្មែរទៅកាន់ពិភពលោក៕





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម