Connect with us

ព័ត៌មាន

សម្ដេចធិបតី ណែនាំក្រសួងអប់រំឱ្យយកចិត្តទុកដាក់ពង្រឹងអំណាននៅថ្នាក់បឋមជំរុញការអានដល់សិស្ស

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកចិត្តទុកដាក់លើការពង្រឹងអំណាននៅកម្រិតបឋមសិក្សា ដើម្បីជំរុញ និងលើកកម្ពស់ការអានរបស់សិស្សានុសិស្សឱ្យកាន់តែមានប្រសិទ្ធភាព។

អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មី និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យទ្រៀល ស្ថិតក្នុងខេត្តកំពង់ធំ។

សម្តេចធិបតីបានសង្កត់ធ្ងន់ ការពង្រឹងអំណានថ្នាក់បឋមពិតជាកិច្ចការសំខាន់ណាស់ក្នុងការពង្រឹងសមត្ថភាពការរៀនរបស់សិស្សនៅក្នុងថ្នាក់រៀនពីថ្នាក់មូលដ្ឋានឡើងទៅ។ សម្ដេចថ្លែងថា «ក្រសួងអប់រំត្រូវតែយកចិត្តទុកដាក់ខ្ពស់លើករណីនេះ ដើម្បីធានាថាកុមារមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការអានតាំងពីចាប់ផ្តើមដំបូង»។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖កុមារដែលរៀននៅកម្រិតបឋមសិក្សា គួរតែរៀនអានសៀវភៅដែលបោះពុម្ពលើក្រដាសជាចម្បង»។

ទាក់ទងនឹងការកម្រិតការប្រើប្រាស់ឌីជីថល សម្ដេច នាយករដ្ឋមន្រ្ដីបានណែនាំឱ្យមានការកំណត់កម្រិតឱ្យបានច្បាស់លាស់សម្រាប់ការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅតាមសាលារៀន ថាតើកម្រិតថ្នាក់ណាខ្លះដែលគួរចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ។

សូមជម្រាបថា ចាប់តាំងពីអាណត្តិមុនៗមក រហូតដល់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជាច្រើនដើម្បីពង្រឹងអំណាន និងការអានរបស់សិស្ស ជាពិសេសនៅកម្រិតថ្នាក់បឋមសិក្សា ក្នុងនោះរួមមាន៖ កម្មវិធីពង្រឹងអំណានផ្តោតលើការជួយឱ្យសិស្សអាចវាស់ស្ទង់ និងអនុវត្តការអានឱ្យត្រូវតាមសូរ និងល្បឿនកំណត់។ បង្កើតវប្បធម៌ និងទម្លាប់នៃការអាន ដើម្បីបណ្ដុះគំនិតឱ្យសិស្សមានភាពស្រឡាញ់ និងចូលចិត្តការអាន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia