ព័ត៌មាន
សម្ដេចធិបតីបញ្ជាក់ជាថ្មី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្ដិវិធី ការទូត និងច្បាប់អន្ដរជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីយ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយប្រកាន់ខ្ជាប់នូវផ្លូវសន្តិវិធី ការទូត និងច្បាប់អន្តរជាតិ បើទោះបីជាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ។
ការថ្លែងបញ្ជាក់ជាថ្មីនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញជាអធិបតីក្នុងពិធីចែកពូជស្រូវ និងស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានឡើយ មានតែបង្កើនបន្ទុក និងទុក្ខវេទនាបន្ថែមដល់ប្រជាពលរដ្ឋ និងខាតបង់ថវិកាជាតិ។ ជម្រើសនៃការវាយគ្នាមិនមែនជាដំណោះស្រាយយូរអង្វែងទេ។
សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់សន្ធិសញ្ញាផ្លូវការ និងផែនទីដែលរក្សាទុកដោយភាគីបារាំង ដែលជា «អាវក្រោះការពារតាមផ្លូវច្បាប់» និងជាភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃ។ ការការពារព្រំដែនត្រូវការអ្នកបច្ចេកទេសពិតប្រាកដ បច្ចេកវិទ្យាទំនើប និងឯកសារយោងច្បាស់លាស់ មិនអាចធ្វើតាមការស្មាន ឬការបកស្រាយផ្ទាល់ខ្លួនឡើយ។
សម្ដេចធិបតីបានលើកឡើងថា យន្តការតាមផ្លូវច្បាប់ និងការទូតនេះ រួមមានតួអង្គ និងយន្តការជាច្រើន ទាំងរដ្ឋាភិបាលអន្តរជាតិ យន្តការអាស៊ាន អង្គការសហប្រជាជាតិ និងតុលាការអន្តរជាតិ។
សម្ដេចធិបតីថ្លែងថា៖«ទឹកដីរបស់យើង យើងមិនភ្លេចនោះទេ ប៉ុន្ដែត្រូវប្រើប្រាស់វិធីសាស្ដ្រតាមច្បាប់ការទូត ដើម្បីបញ្ចប់តែម្ដង។ ការខិតខំដោះស្រាយដោយសន្ដិវិធី គឺជាគោលការណ៍ដែលកម្ពុជាប្រកាន់យក ដោះស្រាយតាមផ្លូវច្បាប់ យូរបន្ដិចប៉ុន្ដែយើងនៅបន្ដដោះស្រាយមិនអាចស្អែកចប់នោះទេ តែយើងនៅបន្ដធ្វើ»។
សម្ដេចបានបន្តថា៖«រាជរដ្ឋាភិបាលមានការគិតគូរ នឹងដើរពេលណា ដើរកន្លែងណា គោលដៅធំ គឺចង់បានដោះស្រាយបញ្ហាឲ្យឆាប់កុំនៅរ៉ាំរ៉ៃរាប់ឆ្នាំ បើដោះជម្រើសនេះបានចប់ល្អ បើលឿនហើយមិនចប់យូរណាស់ ជម្រើសវាយគ្នាវាយទៅមកមិនចប់នោះទេ»។
សម្តេចធិបតីបានបដិសេធចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំងក្រៅប្រទេស និងបានបញ្ជាក់ថា ការជ្រើសរើសផ្លូវការទូត និងច្បាប់ មិនមែនជាភាពកំសាក ឬការបោះបង់ទឹកដីនោះទេ ប៉ុន្តែជាការប្រឈមមុខដោះស្រាយដោយផ្ទាល់លើសមរភូមិការទូតដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកងទ័ព។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ស្របពេលដែលកំពុងដោះស្រាយបញ្ហាព្រំដែន រដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើតភូមិសហគមន៍ និងផ្តល់ដីធ្លីថេរវេលាសម្រាប់បង្កើតមុខរបរចិញ្ចឹមជីវិតដល់ប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់ ដែលរងផលប៉ះពាល់ និងត្រូវជម្លៀសពីតំបន់ជម្លោះព្រំដែន។
សម្តេចធិបតីបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យមានការយោគយល់ ទុកចិត្តលើការគិតគូររបស់រាជរដ្ឋាភិបាល និងរួមគ្នារក្សាសន្តិភាព ដែលជាគ្រឹះស្ថានដ៏សំខាន់បំផុតសម្រាប់អភិវឌ្ឍជាតិ និងការពារទឹកដីឱ្យបានគង់វង្សសម្រាប់ជំនាន់ក្រោយ។

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 day agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន5 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី