ព័ត៌មាន
រដ្ឋផ្តល់ស្រូវពូជ និងស្បៀង ដល់ពលរដ្ឋក្នុងខេត្តពោធិ៍សាត់ជាង១ម៉ឺនគ្រួសារ ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ និងស្តារផលិតកម្មស្រូវឡើងវិញ
ភ្នំពេញ៖ រដ្ឋាបាលខេត្តពោធិ៍សាត់បាននាំយកពូជស្រូវ និងស្បៀង ទៅចែកជូនប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ដែលរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកាលពីថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទ ៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀង នៅព្រឹកនេះថា ជាការពិត ក្នុងរយៈពេលកន្លងមកនេះ ខេត្តពោធិ៍សាត់បានទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបង្កឱ្យមានទឹកជំនន់នៅតំបន់មួយចំនួន និងបានប៉ះពាល់ដល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងសកម្មភាពផលិតកម្មកសិកម្មរបស់ប្រជាពលរដ្ឋ ជាពិសេស ការធ្វើស្រែចម្ការ និងការរក្សាទុកស្បៀងសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ។
ឯកឧត្តមបន្តថា ក្នុងនោះ ជំនន់ទឹកភ្លៀង បានបង្កឱ្យមានផលប៉ះពាល់ដល់ ក្រុង/ស្រុកចំនួន៦, ឃុំ សង្កាត់ចំនួន ២៦ ស្មើនឹង ១៦១ភូមិ និងផ្ទះចំនួន ២.៥០០ខ្នង និងប៉ះពាល់ដំណាំស្រូវចំនួន ៥.៦៦៤ហិកតា លើផ្ទៃដីសរុបជាង ១៥ម៉ឺនហិកតា (១៥៦.៩៣១ហិកតា) និងដំណាំឧស្សាហកម្មចំនួន ៣៦៣ហិកតា ព្រមទាំង ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ដូចជា សាលារៀន និងផ្លូវថ្នល់ ជាដើម។
ឯកឧត្តមបានបញ្ជាក់ថា មានប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន១១.០០០ គ្រួសារ មកពី ៥ ស្រុក និង ១ ក្រុង ក្នុងខេត្តពោធិ៍សាត់ ដែលត្រូវទទួលបាន ស្រូវពូជ និងស្បៀង។ ក្នុងនោះ ប្រជាពលរដ្ឋចំនួន ១.៥៧៩ គ្រួសារទទួលបានស្រូវពូជ ដើម្បីជួយស្តារផលិតកម្មកសិកម្ម និងបង្កើតលទ្ធភាពឱ្យបងប្អូនប្រជាកសិករអាចបន្តការធ្វើស្រែចម្ការ និងបង្កបង្កើនផលឡើងវិញ និងប្រជាពលរដ្ឋចំនួន ៩.៤២១ គ្រួសារ ទទួលបានស្បៀង ដើម្បីជួយសម្រួលដល់តម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារដែលរងផលប៉ះពាល់។
ឯកឧត្តមមានប្រសាសន៍ថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានជំរុញអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធ ឱ្យពន្លឿនការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតឡើងវិញ។ ជាមួយគ្នានេះ បានណែនាំប្រជាពលរដ្ឋឱ្យប្រើប្រាស់ស្រូវពូជ និងស្បៀងអាហារដែលទទួលបានពីជំនួយ ឱ្យចំគោលបំណង ខណៈអាជ្ញាធរនឹងបន្តតាមដាន និងដោះស្រាយបញ្ហាប្រឈមតាមលទ្ធភាព។
សូមបញ្ជាក់ថា ដោយសារប្រទេសកម្ពុជាបានរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាប់ៗគ្នា បាននាំឱ្យខេត្តចំនួន១០ នៅទូទាំងប្រទេស ត្រូវបានទទួលរងទឹកជំនន់ទឹកភ្លៀង ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបជាង ៤ម៉ឺនគ្រួសារ (៤៤.៨៨៩គ្រួសារ) និងផ្ទះសម្បែងជាង ៤ម៉ឺនខ្នង (៤០.៣៨៤ខ្នង) ព្រមទាំង ប៉ះពាល់ផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ៥ម៉ឺនហិកតា (៤៩.៩២៥ហិកតា)។ ខេត្តទាំង១០នោះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ៕ អត្ថបទ៖ ធូ វិរៈ








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 day agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន5 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី